ព័ត៌មានថ្មីៗ

ឯកឧត្តម ហ៊ុន ម៉ានី៖ មន្ទីរពេទ្យប្រៀបដូចរាងកាយមនុស្ស ខណៈពេទ្យជាឆ្អឹងខ្នងទ្រទ្រង់រាងកាយ

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានថ្លែងថា មន្ទីរពេទ្យ ប្រៀបដូចជារូបរាងកាយរបស់មនុស្ស ខណៈដែលលោកគ្រូ អ្នកគ្រូពេទ្យ មន្ត្រីរាជការ និងបុគ្គលិកទាំងអស់នៃវិស័យសុខាភិបាល គឺជាឆ្អឹងខ្នងដែលទ្រទ្រង់រូបរាងកាយនោះ ។

 

ក្នុងពិធីបិទសិក្ខាសាលាពិគ្រោះយោបល់ និងប្រមូលធាតុចូល លើសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល កាលពីរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី មានប្រសាសន៍ថា ការគ្រប់គ្រងធនធានមនុស្ស ក្នុងវិស័យសុខាភិបាល តាមអភិក្រមសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺ “រើសឱ្យចំ បំពេញឱ្យត្រូវ រក្សាឱ្យនៅ” តាមរយៈការគ្រប់គ្រង ការផ្ទេរមន្ត្រី ការលើកទឹកចិត្ត ការបណ្តុះបណ្តាល និងការអភិវឌ្ឍសមត្ថភាព គឺត្រូវតែគិតគូររៀបចំ ឱ្យបានច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយធានាឱ្យប្រព័ន្ធសុខាភិបាលកម្ពុជា អាចពង្រឹងសមត្ថភាពឆ្លើយតបទៅនឹងតម្រូវការ របស់ប្រជាពលរដ្ឋនាពេលបច្ចុប្បន្ន និងជាពិសេស អាចគ្រប់គ្រងនូវវិបត្តិសុខភាពសាធារណៈ ជាយថាហេតុណាមួយ នាពេលអនាគត ។

 

ឯកឧត្តមបានបន្តថា ឆ្លើយតបទៅនឹងតម្រូវការជារួម នៃប្រព័ន្ធរដ្ឋបាលសាធារណៈកម្ពុជា និងដោយឡែកចំពោះវិស័យសុខាភិបាល អាទិភាពទី១ មុំទី២ នៃស្នូលរបស់យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ បានបញ្ជាក់ពីភាពចាំបាច់ក្នុង “ការពង្រឹងប្រព័ន្ធគ្រប់គ្រង និងអភិវឌ្ឍ ធនធានមនុស្សក្នុងមុខងារសាធារណៈ ផ្អែកលើគុណាធិបតេយ្យ ក្នុងការជ្រើសរើស ការតែងតាំង ការឡើងថ្នាក់ និងឋានន្តរស័ក្តិ និងផ្តល់ការលើកទឹកចិត្តសមស្រប ព្រមទាំងការ រៀបចំប្រព័ន្ធអភិវឌ្ឍសមត្ថភាពគ្រប់ជ្រុងជ្រោយ ។

 

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ឈរលើមូលដ្ឋានទាំងអស់នេះ កន្លងមក ក្រសួងមុខងារសាធារណៈ និងក្រសួងសុខាភិបាល បានសហការគ្នាដោយស្អិតរមួត ក្នុងក្របខ័ណ្ឌនៃការគ្រប់គ្រងធនធានមនុស្ស, អភិវឌ្ឍសមត្ថភាពមន្ត្រី និងពង្រឹងសមត្ថភាព ក្នុងការផ្តល់សេវាសុខាភិបាលនៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកជាដើម។

 

ឯកឧត្តម ហ៊ុន ម៉ានី បាន បញ្ជាក់ថា បច្ចុប្បន្ននេះ ក្រសួងមុខងារសាធារណៈ និងក្រសួងសុខាភិបាល បាននិងកំពុងសហការរួមគ្នា លើការងារមួយចំនួនដូចជា៖ ១- ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការឱ្យចូលបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១, ២- ការរៀបចំសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្តផ្សេងៗពាក់ព័ន្ធនឹងការជ្រើសរើស និងការគ្រប់គ្រងមន្ត្រី ផ្អែកលើកិច្ចព្រមព្រៀងការងារ និង៣- ការធ្វើបច្ចុប្បន្នភាពមន្ត្រីតាមមណ្ឌលសុខភាព ក្នុងគោលដៅ ដើម្បីយល់ដឹងឱ្យកាន់តែច្បាស់អំពីស្ថានភាព និងតម្រូវការមន្ត្រីសុខាភិបាល ៕

nmr