ព័ត៌មានថ្មីៗ

រដ្ឋមន្រ្ដីក្រសួងសុខាភិបាល ប្រកាសហាមប្រាមការធ្វើកោសល្យវិច័យ ឬវះកាត់ពិនិត្យ លើគ្រប់សាកសពជាអ្នកជំងឺកូវីដ-១៩

ភ្នំពេញ ៖ រដ្ឋមន្រ្ដីក្រសួងសុខាភិបាលោក ម៉ម ប៊ុនហេង តាមរយៈលិខិតចេញផ្សាយនៅថ្ងៃទី១១ កក្កដា នេះបានបញ្ជាក់ថា ក្រសួងសុខាភិបាលបានដាក់ ឲ្យអនុវត្តនូវគោលការណ៍ណែនាំស្តីពីវិធានសុវត្ថិភាពផ្នែកសុខាភិបាលទាក់ទងនឹងការគ្រប់គ្រង និងការចាត់ចែងសាកសព ដែលមានផ្ទុកវីរុសកូវីដ-១៩ ក្នុងគោលបំណងរក្សាសុវត្ថិភាព សេចក្ដីថ្លៃថ្នូរ បង្ការ និងទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ និងកាត់ បន្ថយហានិភ័យសុខភាពសាធារណៈ។
បន្ថែមទៅលើគោលការណ៍ណែនាំនេះ លោករដ្ឋមន្រ្ដី បញ្ជាក់ថា គ្រប់សាកសពអ្នកជំងឺកូវីដ-១៩ ពុំត្រូវបានអនុញ្ញាតឱ្យធ្វើកោសល្យវិច័យ ឬវះកាត់ពិនិត្យសាកសពឡើយ។ សាកសពត្រូវបានរៀបចំដោយរុំក្រណាត់រួចដាក់ ក្នុងថង់ប្លាស្ទិកបិទជិត យ៉ាងត្រឹមត្រូវដោយបុគ្គលិកក្នុងមន្ទីរពេទ្យ ហើយសាកសពខ្លះត្រូវបានដាក់បង្កករក្សាទុកមុនពេលដាក់ ទៅក្នុងមឈូសមុនយកទៅបូជា ឬបញ្ចុះ។
ដូច្នេះឱកាសនៃការចម្លងវីរុសកូវីដ-១៩ ពុំអាចកើតមានឡើយ ប្រសិនបើពុំមាន ការរុះរើ ឬបើកថង់រុំសាកសពនោះ។
ជាងនេះដើម្បីសុវត្ថិភាព អ្នករៀបចំ និងអ្នកដឹកជញ្ជូនសាកសព អ្នកលើកសាកសពដាក់ចូលក្នុងមឈូស និងលើក មឈូសដាក់លើទីតាំងបូជា ត្រូវពាក់ឧបករណ៍ការពារខ្លួន (PPE) ឲ្យបានត្រឹមត្រូវ ដូចជាពាក់ម៉ាស់ពេទ្យ អាវអៀមការពារខ្លួន និងស្រោមដៃ។ នៅពេលរៀបចំរួចរាល់ ត្រូវដោះឧបករណ៍ការពារខ្លួនដែលប្រើរួចឲ្យបានត្រឹមត្រូវ ហើយលាងសម្អាតដៃជាមួយ អាល់កុល ឬដែល ឬសាប៊ូនឹងទឹកស្អាតភ្លាមៗ។
ជាងនេះអ្នកសែងមឈូស ដាច់ខាតត្រូវពាក់សម្ភារៈ ការពារ (PPE) ត្រឹមត្រូវ។ ចំពោះសមាជិកគ្រួសារ ឬអ្នកចូលរួម ត្រូវពាក់ម៉ាស់ការពារឲ្យបានត្រឹមត្រូវ និងត្រូវកំណត់ចំនួន មិនឲ្យលើសពី ១០នាក់ ព្រមទាំងត្រូវរក្សាគម្លាតរវាងអ្នកចូលរួម ចំងាយ ១,៥ម៉ែត្រ ពីគ្នា និងចំងាយ ៣ម៉ែត្រ ពីសាកសព។ លើសពីនេះ មិនអនុញ្ញាតឲ្យមានការហែក្បួននោះឡើយ៕
nmr