ព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអ្នកសារព័ត៌មាន ស្ថិតនៅក្នុងចំណោមជនអាទិភាពដែលត្រូវទទួលបានវ៉ាក់សាំងកូវីដ១៩

ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងសន្និសីទព័ត៌មាន នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ ភ្លាមៗបបន្ទាប់ពីទទួលវ៉ាក់សាំងកូវីដ១៩ ចំនួន៦០ម៉ឺនដូស ដែលជាជំនួយរបស់ចិន ជំហានដំបូងសម្រាប់កម្ពុជា ត្រូវបានដឹកជញ្ជូនមកដល់ព្រលានយន្តហោះនេះ។

ឆ្លើយនឹងសំណួរបណ្តាញព័ត៌មានក្នុងសន្និសីទនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖ «សូមឱ្យក្រសួងសុខាភិបាល ចាត់ទុកក្រុមអ្នកដើរយកព័ត៌មាននេះ ជាក្រុមដែលត្រូវបានទទួលវ៉ាក់សាំង ព្រោះពួកគេរុករកគ្រប់ទីកន្លែងទាំងអស់មិនដឹងថា ទៅទីកន្លែងណាខ្លះទេ អញ្ចឹងខ្ញុំសូមអ្នកសារព័ត៌មានទាំងអស់ដែលមានអាយុត្រឹម៥៩ឆ្នាំចុះ មកទទួលវ៉ាក់សាំង»

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា អ្នកសារព័ត៌មានអាជីពដែលចង់ទទួលបានវ៉ាក់សាំងកូវីដ១៩ ត្រូវចុះឈ្មោះ ហើយពិនិត្យមើលលក្ខខណ្ឌរបស់វ៉ាក់សាំង Sinopharm ក្នុងនោះក៏ត្រូវមានអាយុចន្លោះពី ១៨ ដល់ ៥៩ឆ្នាំជាដើម។ សម្តេចបានណែនាំឱ្យក្រសួងសុខាភិបាល សហការជាមួយក្រសួងព័ត៌មាន ដើម្បីរៀបចំឱ្យអ្នកសារព័ត៌មាន បានទទួលវ៉ាក់សាំង។ បន្ថែមពីនេះ ដើម្បីទទួលបានវ៉ាក់សាំងលឿននោះ សម្រាប់អង្គភាពសារព័ត៌មានមួយចំនួន ក៏អាចទំនាក់ទំនងក្រសួងសុខាភិបាលផ្ទាល់ផងដែរ។

លោក ប៉ែន បូណា ប្រធានក្លឹបអ្នកកាសែតកម្ពុជា បានថ្លែងសាទរចំពោះសមានចិត្តរបស់ សម្តេចតេជោ ហ៊ុន សែន ចំពោះអ្នកសារព័ត៌មាន។ លោកបានថ្លែងអំណរគុណ និងចាត់ទុកថា នេះជាការចូលរួមចំណែកលើកទឹកចិត្តដល់អ្នកសារព័ត៌មាន ដែលបំពេញការងារដើម្បីសាធារណ និងបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់របស់ សម្តេចតេជោ ហ៊ុន សែន ចំពោះអ្នកសារព័ត៌មាន។

លោក ប៉ែន បូណា បានបញ្ជាក់ដូច្នេះថា៖ «ខ្ញុំសូមអបអរសាទរចំពោះការប្រកាសរបស់ សម្តេចនាយករដ្ឋមន្រ្តី ដែលបានចាត់ទុកអ្នកសារព័ត៌មាន គឺជាអ្នកឈរជួរមុខក្នុងការទទួលវ៉ាក់សាំងកូវីដ១៩ដែរ ពីព្រោះអ្នកសារព័ត៌មានរបស់យើង គឺយើងចេញយកព័ត៌មានគ្រប់ទិសទីទាំងអស់មិនថាព្រឹត្តិការណ៍ធំ ឬជួបអ្នកធំ ជួបជនបរទេស ហើយនៅខាងក្រៅក៏មានទំនាក់ទំនងជួបមនុស្សច្រើន ដូច្នេះអ្នកសារព័ត៌មានក៏ប្រឈមមុខនឹងកូវីដ១៩ដែរ អញ្ចឹងជាការប្រសើរណាស់ដែលសម្តេចនាយករដ្ឋមន្រ្តី បើកឱកាសឱ្យអ្នកសារព័ត៌មានបានចាក់វ៉ាក់សាំងមុនគេ សូមអបអរសាទរ និងស្វាគមន៍»

យោងតាមក្រសួងព័ត៌មាន, បច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានប្រព័ន្ធផ្សព្វផ្សាយបោះពុម្ព ចំនួន ៣១០ គេហទំព័រ និងទូរទស្សន៍អនឡាញចំនួន ៤០០ ស្ថានីយ៍ទូរទស្សន៍ចំនួន ២០០ ស្ថានីយ៍វិទ្យុចំនួន ២២១ និងការិយាល័យតំណាង ២២ នៃភ្នាក់ងារសារព័ត៌មានបរទេស ទូរទស្សន៍ និងវិទ្យុរួមទាំងវិទ្យុសម្លេងសហរដ្ឋអាមេរិក (VOA)ផងដែរ។ ក្រសួងព័ត៌មាន បានចេញប័ណ្ណព័ត៌មានជូនអ្នកសារព័ត៌មានជាតិ បានចំនួនជាង៣ពាន់ប័ណ្ណផងដែរ៕

nmr