ព័ត៌មានថ្មីៗ

លោកបណ្ឌិត គិន ភា ៖ កត្តាគន្លឹះចំនួន៥ ដែលធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជានិងចិនរឹងមាំ

ភ្នំពេញៈ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងក្នុងវេទិកាពិធីបិទកម្រិតខ្ពស់នៃធនាគារខួរក្បាលកម្ពុជា-ចិន លើកទី២៖ ដំណើរឆ្ពោះទៅកាន់ដំណាក់កាលនៃការវិវឌ្ឍថ្មីនៃទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន នៅថ្ងៃទី២៨ ខែកក្កដា នេះថា កត្តាគន្លឹះចំនួន៥ ដែលធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជានិងចិនរឹងមាំ និងជាមិត្តភាព គឺកត្តាប្រវត្តិសាស្ត្រ កត្តានយោបាយ កត្តាសេដ្ឋកិច្ច កតា្តវប្បធម៌ កត្តាមេដឹកនាំ។
លោកបណ្ឌិត គិន ភា បានធ្វើការកត់សម្គាល់នូវកត្តាគន្លឹះចំនួន៥ ដែលធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជានិងចិនរឹងមាំ និងជាមិត្តភាពជាបងប្អូន មានដូចជាៈ
ទី១. កត្តាប្រវត្តិសាស្ត្រ៖ កម្ពុជានិងចិនមានចំណងទំនាក់ទំនងជាប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំមកហើយ។ សិលាចារឹកនិងឯកសារតឹកតាងប្រវត្តិសាស្ត្រជាច្រើន បានកត់ត្រានូវចំណងទំនាក់ទំនងនេះ។
ទី២. កត្តានយោបាយ៖ ប្រទេសកម្ពុជាគឺជាសម្ព័ន្ធមិត្តដ៏ចំណាស់និងជិតស្និទ្ធបំផុតមួយរបស់ចិននៅអាស៊ីអាគ្នេយ៍ ហើយប្រទេសទាំងពីរតែងតែផ្តល់ការគាំទ្រគ្នាទៅវិញទៅមកនៅគ្រប់កាលៈទេសៈ និងនៅគ្រប់វេទិកាតំបន់និងអន្តរជាតិ។
ទី៣. កត្តាសេដ្ឋកិច្ច៖ ប្រទេសចិនគឺជាអ្នកវិនិយោគផ្ទាល់ពីបរទេសដ៏ធំជាងគេ ជាម្ចាស់ជំនួយដ៏សំខាន់ជាងគេ និងជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយរបស់កម្ពុជា។
ទី៤. កតា្តវប្បធម៌៖ តម្លៃវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ និងភាសាចិន បានកប់យ៉ាងជ្រៅនៅក្នុងទិដ្ឋភាពជាច្រើននៃសង្គមកម្ពុជា។
ទី៥. កត្តាមេដឹកនាំ៖ ថ្នាក់ដឹកនាំចិនគ្រប់ជំនាន់ តែងមានភាពជិតស្និទ្ធនឹងសម្តេចព្រះនរោត្តមសីហនុ ហើយបានបង្កើតមិត្តភាពយ៉ាងជ្រាលជ្រៅជាមួយព្រះអង្គ ហើយថ្នាក់ដឹកនាំចិនបច្ចុប្បន្នបានរក្សាមិត្តភាពដ៏ជ្រាលជ្រៅនេះជាមួយព្រះមហាក្សត្រនិងនាយករដ្ឋមន្ត្រីបច្ចុប្បន្ននៃកម្ពុជា។
nmr