ព័ត៌មានថ្មីៗ

អភិបាលខេត្តកំពត ចុះពិនិត្យទីតាំងអគារ៣កន្លែងទៀត ត្រៀមសម្រាប់ទុកធ្វើចត្តាឡីស័ក

ទីកន្លែងថ្មីបន្ថែមសម្រាប់ធ្វើចតាឡីស័កចំនួន ៣កន្លែងនោះ រួមមាន៖

*ទី១៖ នៅអគារចាស់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ស្ថិតក្នុងភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្ដាល ក្រុងកំពត
*ទី២៖ នៅសហគមន៍អ្នកផលិតអំបិលខេត្តកំពត ស្ថិតនៅក្នុងភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ
*ទី៣៖ នៅមជ្ឈមណ្ឌលអភិវឌ្ឍស្ត្រីខេត្ត ដែលទីតាំងទាំងពីរនេះ ស្ថិតនៅក្នុងភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ។

សម្រាប់៣ទីតាំងទាំងនេះ មានបន្ទប់ប្រមាណពី ៧០ ទៅ ៨០បន្ទប់ ខណៈកន្លងមករដ្ឋបាលខេត្ត បានត្រៀមបន្ទប់នៅតាមមន្ទីរពេទ្យបង្អែកចំនួន៥ ដែលមានបន្ទប់សរុបប្រមាណ១៧០បន្ទប់។

លោក ជាវ តាយ បានបញ្ជាក់ថា បញ្ហាការឆ្លងរាតត្បាតដោយជំងឺកូវីដ១៩ នៅតែជាបញ្ហាសកល ដែលពិភពលោកបាន និងកំពុងបន្តរួមគ្នាប្រយុទ្ធប្រឆាំងជារៀងរាល់ថ្ងៃ។

ដោយឡែកកម្ពុជាសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការគ្រប់គ្រងស្ថានការ មិនឲ្យមានការឆ្លងរីករាលដាលនៅក្នុងសហគមន៍នោះទេ។ យ៉ាងណាមិញរដ្ឋបាលខេត្តកំពត តែងតែបានចូលរួមអនុវត្តដោយយកចិត្តទុកដាក់ខ្ពស់ អំពីបញ្ហាបង្ការទប់ស្កាត់ចំពោះជំងឺឆ្លងកូវីដ១៩នេះជាប្រចាំផងផងដែរ។

ជាក់ស្តែងការជ្រើសរើសទីតាំងថ្មីបន្ថែមសម្រាប់ការធ្វើ ចតាឡីស័កនាពេលនេះ គឺជាការអនុវត្តស្របទៅតាមអនុសាសន៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីធានាដល់ដំណើរការធ្វើចត្តាឡីស័ក ក្នុងករណីដែល មានប្រជាពលរដ្ឋក្នុងខេត្ត បានវិលត្រឡប់ពីក្រៅប្រទេស ពិសេសពលករមកពីប្រទេសថៃដែលអាចនឹងមានចំនួនច្រើន ក្នុងឱកាសបុណ្យឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុននេះ។

លោកអភិបាលខេត្ត ក៏បានសំណូមពរ និងណែនាំដល់មន្ទីរអង្គភាពជំនាញ និងអាជ្ញាធរមូលដ្ឋាន ត្រូវរួមសហការគ្នាឲ្យបានល្អក្នុងការរៀបចំទីតាំងអាគារថ្មីបន្ថែមនេះ ឲ្យបានសមរម្យ មានទាំងទឹក ភ្លើង និងបន្ទប់សម្រាកស្អាត ប្រកបដោយអនាម័យ និងបរិស្ថានល្អ៕

nmr