ព័ត៌មានថ្មីៗ

អភិបាលរាជធានីភ្នំពេញ អាយុជីវិតប្រជាពលរដ្ឋ ជារឿងតែមួយគត់ដែលអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវការពារ

ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា ក្នុងនាមអាជ្ញាធរ ត្រូវការពារអាយុជីវិតបងប្អូនប្រជាពលរដ្ឋ ទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ការបញ្ជាក់បែបនេះរបស់ ឯកឧត្តម ឃួង ស្រេង បានធ្វើឡើងនាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១នេះ ខណៈដែលឯកឧត្តមបានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ចុះពិនិត្យស្ថានភាពទឹកជំនន់នៅតាមបណ្ដោយស្ទឹងព្រែកត្នោត ស្ថិតក្នុងភូមិសាស្រ្តខណ្ឌដង្កោ រាជធានីភ្នំពេញ ខណៈដែលទឹកស្ទឹងនៅតែបន្តហក់ឡើង ដែលជាការព្រួយបារម្ភមួយរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងកិច្ចការពារអាយុជីវិត និងទ្រព្យសម្បត្តិប្រជាពលរដ្ឋ។

ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា អាជ្ញាធរគឺត្រូវរក្សាអាយុជីវិតបងប្អូនប្រជាពលរដ្ឋ មានន័យថា នៅពេលមានទឹកជំនន់កើតឡើង អាជ្ញាធរត្រូវចុះពិនិត្យមើលស្ថានភាពទឹក ដើម្បីស្វះស្វែងរកវិធានការផ្សេងៗ ក្នុងកិច្ចការពារទប់ស្កាត់កុំឱ្យបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់។ នៅពេលមានជំងឺកូវីដ-១៩ កើតឡើង អាជ្ញាធរក៏បានពុះពារ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ មានន័យថាយើងមានគោលដៅតែមួយ គឺរក្សាអាយុជីវិតបងប្អូនប្រជាពលរដ្ឋ ទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនោះដែរ ឯកឧត្តម ឃួង ស្រេង ក៏បានធ្វើការណែនាំឱ្យប្រធានមន្ទីរធនធានទឹកនិងឧតុនិយមរាជធានីភ្នំពេញ ត្រូវតាមដានស្ថានភាពទឹកឱ្យបានជាក់លាក់ ពេលដែលមានបញ្ហាអ្វីកើតឡើង យើងអាចត្រៀមជាមុន ដើម្បីសង្គ្រោះប្រជាពលរដ្ឋ កុំឱ្យបាត់បង់ជីវិត និងខូចខាតទ្រព្យសម្បត្តិរបស់ពួកគាត់។

ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ទៀតថា ពាក់ព័ន្ធនឹងទឹកជំនន់តាមស្ទឹងព្រែកត្នោតឆ្នាំនេះ រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមលក្ខណៈរួចរាល់ហើយ ដើម្បីសង្គ្រោះប្រជាពលរដ្ឋ ពេលមានហានិភ័យកើតឡើង។ ប៉ុន្តែ ឯកឧត្តមសង្ឃឹម និងជឿជាក់ថា ទឹកជំនន់ព្រែកត្នោតឆ្នាំនេះ នឹងមិនបង្កគ្រោះមហន្តរាយដល់ប្រជាពលរដ្ឋនោះទេ។

nmr