រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលកម្ពុជាបានបញ្ជាក់ថា បច្ចុប្បន្ននេះ កម្ពុជានៅសល់វ៉ាក់សាំងប្រឆាំងមេរោគកូវីដ១៩ ចំនួនជាង ៦លានដូសទៀត សម្រាប់ចាក់ដូសជំរុញដល់ប្រជាពលរដ្ឋ។
ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងឱកាសទទួលវ៉ាក់សំាងស៊ីណវ៉ាក់ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលនិងប្រជាជនចិន ជូនរាជ រដ្ឋាភិបាលកម្ពុជានាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ថា បច្ចុប្បន្ននេះ កម្ពុជានៅសល់វ៉ាក់សាំងប្រឆាំងមេរោគកូវីដ១៩ ចំនួនជាង៤លានដូសទៀត រួមជាមួយនឹងការមកដល់វ៉ាក់ សាំងដែលជាជំនួយ របស់រដ្ឋាភិបាលចិន២លានដូសទៀត ដូចនេះសរុបទាំងអស់ចំនួនជាង៦លានដូស សម្រាប់ត្រៀមចាក់ដូសជំរុញដល់ប្រជាពលរដ្ឋខ្មែរ ខណៈយុទ្ធនាការចាក់ដូសជំរុញ បានចាប់ផ្តើមពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១កន្លងមកនេះ។
លោកជំទាវបញ្ជាក់ថា មកទល់ពេលនេះ កម្ពុជាទទួលបានវ៉ាក់សាំងសរុបជាង៣៦លានដូស ដែលបានចាក់ជូនប្រជាពលរដ្ឋប្រមាណ ជាង១៣លាន ៥សែននាក់រួចទៅហើយ។ លោកជំទាវបន្តថា សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រឹងប្រែង យ៉ាងខ្លាំង ទាំងការស្វែងរកវ៉ាក់សាំង និងការកសាងផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ។ ដោយមានប្រទេសចិនជាបង្អែកលើការផ្គត់ផ្គង់វ៉ាក់សាំងនេះ ធ្វើឱ្យកម្ពុជារកបានវ៉ាក់សាំងបានឆាប់រហ័សតាមការចង់បានរបស់កម្ពុជា។ ជាមួយនឹងវត្តមានវ៉ាក់សាំងទាំងនេះ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញបទបញ្ជាដាចខាត់ មិនត្រូវឱ្យវ៉ាក់សាំងដេកនៅក្នុងឃ្លាំង ឡើយ គឺត្រូវតែបានចូលទៅក្នុងខ្លួនរបស់ប្រជាពលរដ្ឋ។
«វ៉ាក់សាំងមួយចំនួនគឺមាននៅតាមស្តុបនៅគ្រប់ខេត្តទាំងអស់ គឺមិនមានបញ្ហាអ្វីទេចំពោះវ៉ាក់សាំង។ ហើយយើងនៅតែបន្តទទួលវ៉ាក់សាំងជាជំនួយរបស់ប្រទេសចិន និងជំនួយទាំងទ្វេភាគីរបស់យើងជាបន្តបន្ទាប់ទៀត ហើយយើងមានទាំងស៊ីណូហ្វាមនិងស៊ីណូវ៉ាក់ ឥឡូវនេះយើងមានជំនួយរបស់ប្រទេសចិនចំនួន៧លានដូសកន្លះហើយ។ដូច្នេះវ៉ាក់សាំងទាំងអស់នៅក្នុងឃ្លាំងសុទ្ធសឹងតែជាវ៉ាក់សាំងស៊ីណូវ៉ាក់ដែលយើងបញ្ជាទិញ ហើយថ្ងៃនេះគឺជាវ៉ាក់សាំងជំនួយ របស់ប្រទេសចិន»។
រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានយកការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គឺជាយុទ្ធសាស្ត្រលើសមរភូមិសង្គ្រាមជាមួយនឹងសត្រូវឥតស្រមោលកូវីដ១៩នេះ៕