ជាការពិតណាស់វ៉ាក់សាំងគឺជាអាវុធដ៏សំខាន់សម្រាប់ទប់ទល់ទៅនឹងវីរុសកូវីដ១៩។ មកទល់ពេលនេះគ្រប់ប្រទេសទាំងអស់នៅលើពិភពលោកកំពុងតែសកម្ម និងស្វះស្វែងចាក់វ៉ាក់សាំងទៅដល់ប្រជាជនរបស់ខ្លួន ពីព្រោះថាមានតែវ៉ាក់សាំងទេ ដែលអាចជួយបង្កើនភាពស៊ាំទៅដល់រាងកាយមនុស្សគ្រប់គ្រាន់ ដើម្បីទប់ទល់ទៅនឹងជំងឺកូវីដ១៩។
បន្ថែមលើនេះទៀត ក្នុងដំណាក់កាលនេះដែរប្រទេសណាដែលមានទិន្នន័យចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានច្រើនជាងគេ ប្រទេសនោះឯងនឹងឈានទៅរកភ្លើងខៀវ គឺការបើកដំណើរការប្រទេសឡើងវិញ។
ជាក់ស្តែងអ្វីដែលយើងគួរតែមានមោទកភាពមកកាន់ប្រទេសកម្ពុជាយើងនោះគឺ ប្រទេសយើងមានសមត្ថភាពផ្តល់វ៉ាក់សាំងដល់ប្រជាជនច្រើនបំផុត ដែលបានជាប់លេខ ៦ នៅក្នុងតារាងទិន្នន័យនៃការចាក់វ៉ាក់សាំងលើពិភពលោក។
យោងតាមទិន្នន័យដែលចុះផ្សាយដោយគេហទំព័រ Our world in data បានបង្ហាញឲ្យឃើញថា ៤៨.៧% នៃប្រជាជនពិភពលោកបានចាក់វ៉ាក់សាំងការពារកូវីដ១៩ យ៉ាងតិចមួយដូស ក្នុងនោះដែរឃើញថា មានតែ ៧ ប្រទេសប៉ុណ្ណោះដែលមានទិន្នន័យការចាក់វ៉ាក់សាំងច្រើនជាងគេ ដែលរួមមាន ប្រទេសអារ៉ាប់រួម, ប្រទេសព័រទុយហ្គាល់, ប្រទេសគុយបា, ប្រទេសឈីលី, ប្រទេសអេស្ប៉ាញ, ព្រះរាជាណាចក្រកម្ពុជា និងប្រទេសសិង្ហបុរី។
ដោយពឹងផ្អែកលើអត្រានៃការចាក់វ៉ាក់សាំងខ្ពស់ និងសង្កេតឃើញថាមួយរយៈចុងក្រោយនេះចំនួននៃអ្នកឆ្លងជំងឺកូវីដ១៩ នៅកម្ពុជាក៏ថយចុះផងដែរនោះ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល កាលពីថ្ងៃ១៧ ខែតុលា ឆ្នាំ២០២១ បានបង្ហាញចំណាប់អារម្មណ៍ពញាក់ស្មារតីដល់ម្ចាស់អាជីវកម្ម បុគ្គលិក និងអាជ្ញាធរ ឱ្យត្រៀមលក្ខណៈខ្ពស់លើវិថីថ្មី ដើម្បីគ្រប់គ្រងហានិភ័យដែលបង្កឡើងដោយជំងឺកូវីដ-១៩ នៅពេលបើកដំណើរការសង្គមនិងអាជីវកម្មឡើងវិញ។
សារបង្ហោះលើបណ្ដាញសង្គម Twitter របស់លោកជំទាវ ជាភាសាអង់គ្លេស នឹងបានប្រែសម្រួលជាខ្មែរថា «ការបើកសង្គមនិងអាជីវកម្មឡើងវិញ នឹងត្រូវបានគ្រប់គ្រងប្រកបភាពប្រុងប្រយ័ត្នខ្ពស់ និងការរៀបចំឲ្យបានត្រឹមត្រូវ។
បុគ្គល ម្ចាស់អាជីវកម្ម និងអាជ្ញាធរមូលដ្ឋានត្រូវបានលើកទឹកចិត្ត ក្នុងការចាប់ផ្តើមរៀបចំឱ្យមានតុល្យភាពនៃកម្រិតគ្រោះថ្នាក់ និងត្រូវបន្តអនុវត្តវិធានការការពារជាចាំបាច់ ដើម្បីធានាបាននូវការបើកដំណើរការប្រកបដោយសុវត្ថិភាព ឈានឆ្ពោះទៅរកការរស់នៅក្នុងគន្លងប្រក្រតីភាពថ្មី»៕