ព័ត៌មានថ្មីៗ

ក្រសួងមហាផ្ទៃ ចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី លទ្ធផលកិច្ចប្រជុំវាយតម្លៃកិច្ចសហប្រតិបត្តិការឆ្នាំ២០២០-២០២១ និងចុះហត្ថលេខាលើកំណត់ហេតុកិច្ចសហប្រតិបត្តិការ ឆ្នាំ២០២២រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្ដិសុខសាធារណរដ្ឋឡាវ

ភ្នំពេញ ៖ ដោយទទួលបាននូវការឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២០-២០២១ និងចុះហត្ថលេខាលើកំណត់ហេតុ ស្តីពីកិច្ចសហប្រតិបត្តិការឆ្នាំ២០២២ ជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ឯក វីល័យ ឡាខាំហ្វង រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ តាមរយៈប្រព័ន្ធវីដេអូសន្នីសីទពីចម្ងាយ ដោយមានការចូលរួមពី ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំរាជាណាចក្រកម្ពុជា, រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ, អគ្គស្នងការដ្ឋាននរគបាលជាតិ, អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ, អគ្គនាយកដ្ឋានរដ្ឋបាល, អគ្គនាយកដ្ឋានអន្តោប្រវេសន៍, អភិបាលខេត្តជាប់ព្រំដែន កម្ពុជា-ឡាវ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
នាឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម ឧត្តមសេនីយ៍ឯក វីល័យ ឡាខាំហ្វង បានសម្តែងការអបអរសាទរចំពោះទំនាក់ទំនងដ៏ល្អ រវាងថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ ក្នុងស្មារតីមិត្តភាពជាប្រពៃណី សាមគ្គីភាព និងភាពជាអ្នកជិតខាងល្អ ដែលមានតាមរយៈទំនាក់ទំនងនេះ បានជំរុញដល់ការកើនឡើងគួរឱ្យកត់សម្គាល់នូវទំហំពាណិជ្ជកម្មទ្វេភាគី កម្ពុជា-ឡាវ កាលពីឆ្នាំ២០២០កន្លងទៅ ដែលបានរួមចំណែកយ៉ាងសំខាន់បម្រើដល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ជាពិសេស ការជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមក ក្នុងការប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩ នៅក្នុងកាលៈទេសៈដ៏លំបាក ដែលបង្កឡើងដោយជំងឺរាតត្បាតដ៏កាចសាហាវនេះ។
លើសពីនេះទៀតនៅក្នុងខ្លឹមសារនៃសេចក្តីប្រកាសព័ត៌មាននេះ សម្ដេចក្រឡាហោម ស ខេង និង ឯកឧត្តម ឧត្តមសេនីយ៍ឯក វីល័យ ឡាខាំហ្វង ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្តជាប់ព្រំដែន និងកងកម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរ ដែលទោះបីស្ថិតក្នុងស្ថានភាពប្រឈមដ៏ស្មុគស្មាញ បង្កឡើងដោយជំងឺកូវីដ-១៩ យ៉ាងណាក្តី ក៏នៅតែបន្តកិច្ចសហការជិតស្និទ្ធក្នុងការថែរក្សាបរិយាកាសសន្តិសុខតាមខ្សែរបន្ទាត់ព្រំដែនបានយ៉ាងល្អប្រសើរ រួមចំណែកបង្កលក្ខខណ្ឌអំណោយផលដល់ការប្រកបជីវភាពរស់នៅរបស់ប្រជាជន និងការយកចិត្តទុកដាក់ខ្ពស់ក្នុងកិច្ចសហការ បង្ការ ទប់ស្កាត់ និងបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ជាពិសេសកិច្ចសហការដោះស្រាយបាតុភាពផ្សេងៗនៅតាមព្រំដែន ដោយឈរលើស្មារតីមិត្តភាព សាមគ្គីភាព និងការគោរពអធិបតេយ្យគ្នាទៅវិញទៅមក។
ដែលមានខ្លឹមសារនៃសេចក្តីប្រកាសព័ត៌មានទាំងស្រុងដូចខាងក្រោម៖
ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា
nmr