ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពីការបញ្ជៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្ន ក្នុងពេលរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវវិមានកីឡដ្ឋាន ដែលជាវិមានធំមួយនៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ។
រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងរាជធានីភ្នំពេញ ឱ្យបានជ្រាបថា នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ចាប់ពីម៉ោង ០៥និង០០នាទី គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡា អាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ នឹងមានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការវិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលស្ថិតនៅភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។
ដើម្បីឱ្យកម្មវិធីនេះប្រព្រឹត្តទៅដោយរលូន និងរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយ សាធារណៈ ជាពិសេសដើម្បីកាត់បន្ថយនូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់ការដ្ឋានសំណង់នានា ម្ចាស់អាជីវកម្មក្រឡុកស៊ីម៉ងត៍ ម្ចាស់រថយន្តដឹកទំនិញ គ្រប់ប្រភេទ រថយន្តឈ្នួលដឹកអ្នកដំណើរ និងម៉ូតូសណ្តោងរ៉ឺម៉កគ្រប់ប្រភេទ ហាមធ្វើចរាចរឆ្លងកាត់កំណាត់ មហាវិថីឈ្នះឈ្នះ ពីគល់ស្ពានព្រែកព្នៅ រហូតដល់ផ្លូវជាតិលេខ៦ ចាប់ពីវេលាម៉ោង ០៥និង០០នាទី រហូតដល់ បញ្ចប់កម្មវិធី។
ចំពោះរថយន្តធុនធំ រថយន្តដឹកទំនិញ និងរថយន្តទេសចរណ៍ ដែលធ្វើចរាចរតាមផ្លូវជាតិលេខ៥ ត្រូវឆ្លងទៅ ផ្លូវជាតិលេខ៦ និងពីផ្លូវជាតិលេខ៦ ឆ្លងមកផ្លូវជាតិលេខ៥ ត្រូវពង្វាងចរាចរឆ្លងកាត់តាំមស្ពានព្រែកក្តាមវិញ។ ទទួលបានសេចក្តីជូនដំណឹងនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ រដ្ឋបាលខណ្ឌជ្រោយចង្វារ រដ្ឋបាលខណ្ឌព្រែកព្នៅ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងចាត់តាំងអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕