សៀមរាប៖ នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ បានចាប់ផ្តើម យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៣ ឬដូសជម្រុញជូនដល់ប្រជាពលរដ្ឋខេត្តសៀមរាប ។
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តសៀមរាប បានចុះបើកយុទ្ធនាការដើម្បីឆ្លើយតប តាមរយៈនៃការផ្តល់វ៉ាក់សាំងបង្ការនិងកាត់បន្ថយហានីភ័យ លើស្ថានភាពរាតត្បាតនៃកូវីដ-១៩ ដែលកំពុងបន្តយាយីនៅលើពិភពលោក។
សម្តេចពិជ័យសេនា ទៀ បាញ់ បានវាយតម្លៃខ្ពស់ចំពោះស្មារតីចូលរួមនៃប្រជាពលរដ្ឋ ដែលបានទទួលយកការចាក់វ៉ាក់សាំងការពារពង្រឹងសមត្ថភាពរើបម្រះចេញពីវិបត្តិកូវីដ-១៩ រហូតបានបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភះ និងបានបើកប្រទេសឡើងវិញ។
សម្តេចពិជ័យសេនាបានលើកអំពីផែនការចាក់ស្រោចវ៉ាក់សាំង ដែលជានយោបាយយុទ្ធសាស្រ្តគន្លឹះរបស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីបង្ហូរចរន្តសេដ្ឋកិច្ចសង្គមលើគ្រប់វិស័យ ជួសជុលសសៃឈាមសេដ្ឋកិច្ចកម្ពុជាឡើងវិញ។
សម្តេចពិជ័យក៏បានបញ្ជាក់ដែរថា នៅក្នុងយុទ្ធនាការនេះចំពោះប្រជាពលរដ្ឋដែលមិនទាន់បានទទួលការចាក់វ៉ាក់សាំងបង្កានៅឡើយនោះ ក៏អាចមកទទួលការចាក់វ៉ាក់សាំងដូសទី១ បានផងដែរ។