ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល , កម្លាំងនគរបាលក្រុងតាខ្មៅ ដែលដឹកនាំដោយ លោកវរសេនីយ៍ឯក យី វណ្ណដា ជាអធិការ បានបង្ក្រាបក្រុមក្មេងទំនើងចំនួន៣នាក់ក្នុងចំណោម១០នាក់ ដែលធ្វើសកម្មភាពបង្ហោះម៉ូតូតាមផ្លូវសាធារណៈ ។បើតាមសមត្ថកិច្ចបានឲ្យដឹងថា!ការបង្ហោះម៉ូតូនេះបានធ្វើឡើងកាលពីល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ នៅចំណុចផ្លូវលេខ២១ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានអោយដឹងថា ក្រុមជនសង្ស័យទាំងអស់មានឈ្មោះ ៖
១-ឈ្មោះជា ចិត្រា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល, មុខរបរ:សិស្សវិទ្យាល័យ ហ៊ុន សែនតាខ្មៅ(ឃាត់ខ្លួន)។
២-ឈ្មោះនឿន ផាយុក ភេទប្រុស អាយុ១៦ឆ្នាំជនជាតិខ្មែរ ទីលំនៅភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល,មុខរបរ:នៅផ្ទះ(ឃាត់ខ្លួន)។
៣-ឈ្មោះហ៊ុល លីហៀង ភេទប្រុស អាយុ១៧ឆ្នាំជនជាតិខ្មែរទីលំនៅភូមិព្រែកកាត់ សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ:នៅផ្ទះ(ឃាត់ខ្លួន)។
៤-ឈ្មោះជួន សុបញ្ញា ភេទប្រុស អាយុ១៧ឆ្នាំជនជាតិខ្មែរ ទីលំនៅ ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល,មុខរបរ:សិស្សអនុវិទ្យាល័យខ្ពបវែង(គេចខ្លួន)។
៥-ឈ្មោះគឹម សាន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរទីលំនៅ:ភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល,មុខរបរសិស្សវិទ្យាល័យហ៊ុនសែនតាខ្មៅ(គេចខ្លួន)។
និងជនសង្ស័យ៥នាក់ទៀតមិនស្គាល់អត្តសញ្ញាណ(គេចខ្លួន)។
វត្ថុតាងចាប់យករួមមាន
១/ម៉ូតូចំនួន៣គ្រឿងនិងទូរស័ឮដៃចំនួន៣គ្រឿង។
លោកអធិការក្រុង បន្តថា នៅវេលាកើតហេតុ ក្រុមជនសង្ស័យខាងលើបានជិះម៉ូតូចំនួន៥គ្រឿងមានគ្នា១០នាក់ដោយមួយគ្រឿងជិះគ្នាពីរនាក់ ។
លុះជិះដល់កន្លែងកើតហេតុខាងលើក្រុមជនសង្ស័យបានធ្វើសកម្មភាពបង្ហោះម៉ូតូពេញផ្លូវក្នុងពេលនោះក៏មានប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវបានថតវីដេអូសកម្មភាពនោះរួចបង្ហោះតាមបណ្តាញសង្គម ។
ក្រោយពីទទួលបានព័ត៌មានខាងលើកម្លាំងជំនាញក្រុងតាខ្មៅសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលបានធ្វើការស្រាវជ្រាវកំណត់អត្តសញ្ញាណរហូតដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ទើបឃាត់ខ្លួនមុខសញ្ញាខាងលើបានចំនួន៣នាក់រួមទាំងមធ្យាបាយចំនួន៣គ្រឿងបញ្ជូនបន្តមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីធ្វើការសាកសួរតាមនីតិវិធី ៕