ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីក្រសួងព័ត៌មានសោកស្តាយចំពោះមន្ត្រីសាលាខេត្តបាត់ដំបងមួយរូបដាក់ពាក្យលា ឈប់ពីការងាររដ្ឋព្រោះមិនពេញចិត្តនិងបញ្ហាបក្ខពួកនិយមនៅកន្លែងការងារ..!

ភ្នំពេញ៖បន្ទាប់ពីមានការផ្សព្វផ្សាយអំពីការសម្រេចចិត្តលាឈប់ពីការងាររបស់មន្ត្រីសាលាខេត្តបាត់ដំបងមួយរូបក្រោមហេតុផលថា មានបញ្ហាបក្ខពួកនិយមនៅកន្លែងការងាររួចមក រដ្ឋមន្ត្រីក្រសួងព័ត៌មានឯកឧត្តមខៀវ កញារីទ្ធ បានបង្ហាញនូវការសោកស្តាយចំពោះរឿងនេះ។
រដ្ឋមន្រ្តីព័ត៌មានតាមរយៈហ្វេសប៊ុក របស់ឯកឧត្តម នៅថ្ងៃ១៩ មករាឆ្នាំ២០២២នេះបានលើកឡើងយ៉ាងដូច្នេះថា “សោកស្តាយ ឃើញយុវជនម្នាក់ ដើរចោលការងាររដ្ឋ ព្រោះយល់ថា មានរឿងបក្ខពួក ។ អ្វីដែលខ្ញុំស្តាយគឺប្អូនគិតថា ពិភពលោកមានតែពណ៌២គត់ គឺ ខ្មៅ និងស” ។
បើតាមរដ្ឋមន្ត្រីព័ត៌មាន តាមពិតពណ៌ ដែលមានច្រើនបំផុត ក្នុងលោកគឺពណ៌ប្រផេះ។ សម័យនេះ ព្រំដែនដែលខណ្ឌ Teamwork និងបក្ខពួក គឺស្តើងណាស់ “តែអ្វីដែលសំខាន់តើយើងមានជំនាញអី ដែលគេត្រូវការយើងទេ ?”។
លោក លី ឌីនូរី មន្ត្រីការិយាល័យទំនាក់ទំនងបុគ្គលិកនៃទីចាត់ការគ្រប់គ្រងធនធានមនុស្ស សាលាខេត្តបាត់ដំបងបានសម្រេចសរសេរលិខិតលាឈប់ជាផ្លូវការក្រោយពីបានទទួលលិខិត អញ្ជើញលើកទី១របស់រដ្ឋបាលខេត្តបាត់ដំបងពាក់ព័ន្ធនឹងអវត្តមានរបស់លោកពីកន្លែងការងារ។
យោងតាមលិខិតផ្លូវការរបស់លោកចុះកាលបិរច្ឆេទថ្ងៃទី១៨ខែមករាឆ្នាំ២០២២ផ្ញើជូនសម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកលី ឌីនូរីបានបញ្ជាក់យ៉ាងដូច្នេះថា លោកបានបំពេញការងារជាមន្ត្រីរាជការក្របខណ្ឌក្រសួងមហាផ្ទៃ ចាប់តាំងពីឆ្នាំ២០០៧មក រហូត ដល់ពេលបច្ចុប្បន្ននេះជាមន្ត្រីសាលាខេត្តបាត់ដំបង។
ការសម្រេចចិត្តលាឈប់របស់លោក គឺដោយសារតែលោកយល់ថា មានបញ្ហាបក្ខពួកនិយមនៅក្នុងស្ថាប័ន ដែលលោកបម្រើការងារនិងថា លោកមិនចង់មកធ្វើជាអ្នកអានកាសែតនៅក្នុងការិយាល័យនោះឡើយ៕

nmr