ភ្នំពេញ ៖ នៅយប់ថ្ងៃសែនចិន បុរសម្នាក់ក្រោយផឹកស៊ីស្រវឹង ក៏បានបបួលស្ត្រីជិតខាងម្នាក់ មកផឹកស៊ីជាមួយខ្លួន តែត្រូវបានស្ត្រីនោះ បដិសេធ ធ្វើអោយជនសង្ស័យខឹងបានយកដុំថ្ម គប់លើស្ត្រីនោះ បណ្តាលអោយរងបួសថ្ពាល់ខាងឆ្វេង ។
ហេតុការណ៍បង្កហឹង្សាដោយចេតនា ប្រើដុំថ្មគប់ទៅលើជនរងគ្រោះ នៅវេលាម៉ោង២២ និង១៥នាទី នាថ្ងៃទី៣១ ខែមករា ឆ្នាំ ២០២២ ចំណុចផ្លូវបេតុង ក្រុមទី៦ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ។
លោក ហ៊ាង ថារ៉េត អធិការខណ្ឌ បានអោយដឹងថា ជនរងគ្រោះឈ្មោះ យោម ចាន់ធឿន ភេទស្រី អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរមេផ្ទះ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ក្រុមទី៦ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រ6 ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (រងរបួសឆ្អឹងថ្ពាល់ខាងឆ្វេង)។
ចំណែកជនបង្កឈ្មោះប៊ុន សុភា ហៅខ្នុយ ភេទប្រុស ជនជាតិខ្មែរ អាយុ៣៩ឆ្នាំ មុខរបរមិនពិតប្រាកស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ក្រុមទី១ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (មានសារធាតុញៀន)។
សមត្ថកិច្ច បានបញ្ជាក់ថា នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ វេលាម៉ោង២២ និង១០នាទី ជនបង្កឈ្មោះ ប៊ុន សុភា បានផឹកនៅផ្ទះរបស់ខ្លួន រួចបានដើរទៅផ្ទះជនរងគ្រោះឈ្មោះ យោម ចាន់ធឿន ដើម្បីបបួលគ្នាផឹកស៊ី តែជនរងគ្រោះមិនព្រមផឹកស៊ីជាមួយ និងបានដេញចេញពីផ្ទះខ្លួន លុះដល់វេលាម៉ោង២២ និង១៥នាទី ថ្ងៃខែឆ្នាំដដែល ក៏កើតជារឿងទំនាស់ពាក្យសំដីគ្នា ហើយជនសង្ស័យបានយកដុំថ្ម គប់ទៅលើជនរងគ្រោះបណ្តាលឲ្យរងរបួសផ្ទៃមុខខាងឆ្វេង។ ក្រោយពីទទួលបណ្តឹង កម្លាំងសមត្ថកិច្ច ឃាត់បានជនសង្ស័យភ្លាមៗនៅកន្លែងកើតហេតុ។ បច្ចុប្បន្ន សមត្ថកិច្ចបានកសាងសំណុំរឿង ចាត់ការតាមនិតិវិធី ៕