- (ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន២០ នាក់ ក្នុងនោះករណីឆ្លងក្នុងសហគមន៍ចំនួន ១៨នាក់ និង២នាក់ជាករណីនាំចូលពីក្រៅប្រទេស ខណៈអ្នកជំងឺចំនួន៨៣ នាក់ជាសះស្បើយ។
ក្រសួងសុខាភិបាលបញ្ជាក់ថា អ្នកឆ្លងកូវីដ១៩ ថ្មីទាំង២០នាក់ ក្នុងនោះករណីសហគមន៍១៨នាក់ មានជនជាតិខ្មែរ១៧នាក់ និងជនជាតិវៀតណាម ម្នាក់ ដែលរកឃើញនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល។ ចំណែកអ្នកឆ្លងកូវីដ១៩ ២នាក់ទៀត ដែលជាករណីនាំចូល គឺជាពលករខ្មែរត្រឡប់មកពីប្រទេសថៃ និងជនជាតិខ្មែរម្នាក់ ដែលមកពីប្រទេសសិង្ហបុរី។
សម្រាប់អ្នកជាសះស្បើយចំនួន ៨៣នាក់វិញ រួមមាន៖ អ្នកដំណើរមកពីក្រៅប្រទេសចំនួន១១នាក់ និងអ្នកឆ្លងក្នុងសហគមន៍នៃព្រឹត្តិការណ៍ ២០កុម្ភៈ ចំនួន៧២នាក់ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមាន២លើក និងត្រូវបានអនុញ្ញាតឲ្យចេញពីកន្លែងសម្រាកព្យាបាល។
សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១៣២៥នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៧៣០នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ៥៩២នាក់, ស្លាប់ដោយសារកូវីដ១៩ម្នាក់ និងពីរនាក់ទៀត ស្លាប់ដោយសារការរើថ្នាំញៀនធ្ងន់ធ្ងរ និងស្ទះសរសៃរឈាមបេះដូង ពេលកំពុងទទួលការព្យាបាលជំងឺកូវីដ១៩៕