រាជធានីភ្នំពេញ ៖ បន្ទាប់ពីឃើញភាពសប្បាយរីករាយរបស់ប្រជាពលរដ្ឋក្នុងការបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានប្រៀបធៀបសភាពការណ៍នេះដូចជាព្រឹត្តិការណ៍៧ មករា ឆ្នាំ១៩៧៩ និងការបញ្ចប់សង្គ្រាម នាំនូវសន្តិភាពជូនប្រជាជនកម្ពុជា ។
ថ្លែងក្នុងពិធីអញ្ជើញសម្ពោធសមិទ្ធផលនានា ដែលជាគម្រោងការពារ ទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញជំហានទី៤ នាព្រឹកថ្ងៃទី២០ ខែមេសានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានថ្លែងថា ចូលឆ្នាំកន្លងមកនេះ គឺខុសប្លែកពីធម្មតា ដែលប្រៀបធៀបនឹងព្រឹត្តិការណ៍៧ មករា ១៩៧៩ ដែលប្រជាពលរដ្ឋចេញពីរបបប៉ុល ពត និងប្រៀបធៀបនឹងការបញ្ចប់សង្គ្រាមដែលនាំមកនូវសន្តិភាព និងឯកភាពជាតិ តាមរយៈនយោបាយឈ្នះឈ្នះដែលប្រជាជនសាទរ ។
សម្តេចបញ្ជាក់ថា ៖«ថ្ងៃចូលឆ្នាំហាក់ដូចជា ប្រជាជនយើងបានចេញគេហៅពីការគៀបសង្កត់រយៈពេលជាង២ឆ្នាំនូវកូវីដ១៩ មិនបានចូលឆ្នាំ ខ្ញុំបានប្រកាសតាំងពីខែកុម្ភៈថាចូលឆ្នាំនេះ ខ្ញុំប្តូរផ្តាច់នឹងចាប់តាំងការចូលឆ្នាំ» ។
សម្តេចក៏បានលើកឡើងថា ទោះបីមានការប្តេជ្ញាចិត្តក៏នៅតែមានមនុស្សមួយចំនួនសង្ស័យថា តើជិតដល់ចូលឆ្នាំមានបញ្ហា សម្តេចអត់ឲ្យចូលឆ្នាំទៀតហើយ? ។ សម្តេចតេជោ កម្ពុជាយើងមានប្រជាជនក្នុងស្ថិតិតាមដានកូវីដចំនួន១៧នាក់ ប៉ុន្តែទេសចរណ៍មានជាង៥លានបានធ្វើដំណើរទូទាំងប្រទេសសម្រាប់ការកម្សាន្តសប្បាយ ។
សម្តេចថា នៅពេលថ្ងៃចូលឆ្នាំចប់ គឺពេលប្រជាជននាំចូលមកធ្វើការភ្នំពេញវិញ មានការកកស្ទះចរាចរណ៍ដែលពីភ្នំពេញចង់ដល់ខេត្តសៀមរាប ។ តែដល់ពេលកកស្ទះបែបនេះគ្មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ។
សម្តេចបញ្ជាក់ថា ៖«អ្នកមកដល់ភ្នំពេញហើយកន្ទុយនៅសៀមរាបដោយនាំគ្នាមកត្រឹកៗ អ្នកខ្លះមកដល់ម៉ោង២យប់ទើបមកដល់ភ្នំពេញ ដោយសារមិនអាចបើកលឿនបានទេ» ។ សម្តេចបន្តថាទាក់ទិននឹងករណីដែលធ្វើមានការបើកដំណើរការចូលឆ្នាំរហូតដល់មានប្រជាជនធ្វើដំណើរកម្សាន្តច្រើននឹកស្មានមិនដល់បែបនេះ គឺដោយសារមានការខិតខំទាំងអស់គ្នាទាំងរដ្ឋ និងរាស្ត្រ ។
ក្នុងឱកាសនោះដែរ សម្តេចតេជោ ក៏បានលើកឡើងថា កាលដែលសម្តេចប្រកាសមិនអនុញ្ញាតឲ្យមានចូលឆ្នាំកន្លងមកនេះ ដោយសារតែកម្ពុជាបានកំពុងស្ថិតក្នុងជ្រោះមរណៈដោយសារជំងឺកូវីដ ។ ប៉ុន្តែបន្ទាប់ពីមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល និងការចូលរួមពីប្រជាពលរដ្ឋក្នុងការអញ្ជើញទៅកាន់វ៉ាក់សាំងបង្ការជំងឺកូវីដ ទើបប្រជាពលរដ្ឋដឹងថា រដ្ឋាភិបាលយកចិត្តទុកដាក់យ៉ាងណាចំពោះប្រជាពលរដ្ឋ ។
សម្តេចបន្ថែមថា ៖«អីញ្ចឹងវិធានការទាំងឡាយ ដែលរាជរដ្ឋាភិបាល ដាក់ចេញពិសេសខ្លួនខ្ញុំផ្ទាល់ម៉ោង១១យប់ហើយ ចាប់ផ្តើមផ្ញើសារសម្លេងចេញ សូមអង្វរកប្រជាពលរដ្ឋតែអាលូវបងប្អូនអាចយល់បានហើយ ជីវិតត្រូវបានការពារការរីករាលដាលជំងឺឆ្លងមិនបានវាយប្រហារហើយបងប្អូនសប្បាយលើសអ្វីដែលជាទម្លាប់ចូលឆ្នាំមុនៗ សូម្បីសម្តេចក៏សប្បាយដែរ»៕