កណ្ដាល៖ មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តកណ្តាល នៅថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០២២ នេះ បានចុះត្រួតពិនិត្យទំនិញនានា នៅស្រុកស្អាង ខេត្តកណ្ដាល ដោយបានរកឃើញនូវទំនិញចាហួយដូងម៉ាក (Thanh Binh) ចំនួន ៣៩កេស និង ៥កញ្ចប់ធំ ទម្ងន់ ៣៩៥គីឡូក្រាម ដែលជាទំនិញហាមឃាត់ ។
បើតាមលោក តូច ចៅកុយ ប្រធានសាខា ក.ប.ប. ខេត្តកណ្តាល បានបញ្ជាក់ប្រាប់ឱ្យដឹងថា ក្នុងប្រតិបត្តិការនេះ មន្ត្រីជំនាញបានចុះត្រួតពិនិត្យដេប៉ូ ចែកចាយទំនិញចំនួន ៣ទីតាំង និងសិប្បកម្ម ១ទីតាំង ស្ថិតនៅក្នុងឃុំ ត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល (សរុប ៤ទីតាំង) ក្នុងនោះរកឃើញមួយកន្លែងបានដាក់លក់នូវប្រភេទទំនិញចាហួយដូងម៉ាក (Thanh Binh) នាំចូលពីវៀតណាមខុសច្បាប់ ដែលទំនិញនេះត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ហាមឃាត់តាំងពីឆ្នាំ ២០១៦ ជាទំនិញគ្មានគុណភាព មានផ្ទុកសារធាតុគីមីដែលបង្កគ្រោះថ្នាក់ដល់អាយុជីវិត និងបង្កជាជំងឺធ្ងន់ធ្ងរផ្សេងៗ ។
លោកបន្តថា ម្ចាស់ទីតាំងដែលលក់ដូរចាហួយនេះ ត្រូវបានមន្ត្រីជំនាញធ្វើការពិន័យអន្តរការណ៍ និងបានអប់រំ ព្រមទាំងព្រមានផ្លូវច្បាប់ផងដែរ បើសិនជានៅតែបន្តលក់ដូរ និងនាំចូលមកម្ដងទៀត ៕