ខេត្តប៉ៃលិន ៖ កុមារាអាយុជាង១ឆ្នាំម្នាក់ បានលង់ទឹកធុងជ័រខាងក្រៅផ្ទះបណ្តាលឱ្យស្លា.ប់យ៉ាងអាណោចអាធ័ម ធ្វើឱ្យឪពុកម្តាយមានវិប្បដិសារីអស់មួយជីវិត ខណៈដែលលោកយាយលោកតាភ្លេចខ្លួនមួយភាំង ស្រាប់តែក្មេងប្រុសតូចម្នាក់នេះ អោនក្បាលចូលទៅក្នុងធុងជ័រមានទឹកតែម្តង ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០៥ និង៣០នាទីល្ងាចថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ នៅចំណុចភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ប្រភពព័ត៌មានបានឱ្យដឹងថា ស.ពកុមារារងគ្រោះឈ្មោះ ឡាយ មួយ ភេទប្រុស អាយុ០១ឆ្នាំ០៨ខែ មានទីលំ នៅបច្ចុប្បន្នរស់នៅភូមិ-ឃុំខាងលើ។ ប្រភពព័ត៌មានបានបន្តទៀតថា មុនពេលកើតហេតុ លោកយាយរបស់ក្មេងរងគ្រោះបានសម្រាកនៅខាងមុខផ្ទះ ដោយចាំយាមចៅមិនអោយចេញទៅខាងក្រៅរបង ។ រីឯលោកតាបានដេកនៅខាងក្នុងផ្ទះ មិនឱ្យចៅរើកកាយសម្ភារក្នុងផ្ទះ លុះសម្រាកភ្លេចខ្លួនមួយភ្លែត ស្រាប់តែចៅបានចេញទៅលេងធុងជ័រដាក់ទឹកខាងក្រៅផ្ទះ ធ្លាក់ក្បាលចូលក្នុងធុងទឹកស្លាប់ ខណៈដែលឪពុកម្តាយរបស់ក្មេងរងគ្រោះទៅធ្វើការនៅក្រុងបាវិត ខេត្តស្វាយរៀង ដោយទុកកូនអោយរស់នៅជាមួយនឹងយាយតា។
តែជាអកុសល កូនដំបូងរបស់ពួកគេដែលពេញស្រឡាញ់បានលង់ទឹកស្លា.ប់បាត់បង់ជីវិតទៅហើយ។ ពាក់ព័ន្ធនឹងបញ្ហានេះបច្ចុប្បន្ន ស.ពត្រូវបានគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី នៅភូមិ-ឃុំ ខាងលើ៕