ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

រដ្ឋមន្រ្តីក្រសួងព័ត៌មានបានលើកឡើងថារបាយការណ៍របស់អង្គការគាំពារអ្នកកាសែតខ្លះ គឺសរសេរឡើងដើម្បីតែផ្គាប់ចិត្តម្ចាស់ជំនួយ ភ្នំពេញ៖ថ្លែងក្នុងពិធីអបអរទិវាសេរីភាពសារព័ត៌មានសកលលោកលើកទី២៩នៅថ្ងៃទី៣ខែឧសភាឆ្នាំ២០២២

រដ្ឋមន្ត្រីក្រសួងព័ត៌មានលោកខៀវកាញារីទ្ធបានលើកឡើងថារបាយការណ៍ទាក់ទងនឹងសេរីភាពសារព័ត៌មានរបស់អង្គការគាំពារអ្នកសារព័ត៌មានមួយចំនួនគឺភាគច្រើនសរសេរឡើងដោយអ្នកផ្សេងដែលមិនមែនជាអ្នកសារព័ត៌មាន។ សម្រាប់លោករដ្ឋមន្រ្តីក្រសួងព័ត៌មានការសេរសេររបស់ពួកគេនេះ គឺដើម្បីតែផ្គាប់ចិត្តម្ចាស់ជំនួយរបស់ខ្លួនតែប៉ុណ្ណោះ។
កម្ពុជាថ្មីដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្តលោករដ្ឋមន្ត្រីបានអះអាងថាប្រសិនបើក្រុមអង្គការទាំងនោះជាអ្នកសារព័ត៌មានពិតប្រាកដនោះពួកគេពិតជាយល់ច្បាស់ណាស់ពីស្ថានភាពវិស័យសារព័ត៌មាន និងវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា។
លោកខៀវកាញារីទ្ធបានបញ្ជាក់ថា៖«ពាក្យខ្មែរយើងតែនិយាយថាបើសិនជាបុគ្គលហ្នឹងជាអ្នកដែលរែកទឹកដាក់ពាងដោយខ្លួនឯងនោះពួកគេនឹងដឹងថាទឹកដែលស្រក់ចេញពីពាងមួយដំណក់ៗវាមានតម្លៃប៉ុណ្ណា»។
សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាហៅកាត់ខេមបូចាកាលពីចុងសប្ដាហ៍មុនបានចេញរបាយការណ៏ដោរកឃើញថាសេរីភាពសារព័ត៌មាននៅប្រទេសកម្ពុជារងការរឹតត្បិតខណៈមានអ្នកកាសែតចំនួន ៥នាក់ត្រូវបានចាប់ខ្លួន អ្នកសារព័ត៌មាន៤នាក់ ប្រឈមនឹងវិធានការផ្លូវច្បាប់១១នាក់រងអំពើហិង្សានិងការយាយីនិងអាជ្ញាប័ណ្ណនៃស្ថាប័នសារព័ត៌មានចំនួន៣ត្រូវបានលុបចោល។
ក៏ប៉ុន្តែ លោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានគូសបញ្ជាក់ថា ក្រសួងព័ត៌មានមិនបានលុបស្ថាប័នទាំង៣នេះទេ ពោល គឺគ្រាន់តែជាព្យួរបណ្ដោះអាសន្នតែប៉ុណ្ណោះ។ មូលហេតុនៃការព្យួរនេះគឺដោយសារពួកគេរំលោភក្រមសីលធម៌ និងការជំរិតទារប្រាក់ជាប្រព័ន្ធ។
យ៉ាងណាក៏ដោយលោកណុបវីនាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាហៅកាត់ខេមបូចាបាននិយាយនៅក្នុងពិធីអបអរសាទរទិវាសេរីភាពសារព័ត៌មានថាការគំរាមកំហែងការយាយីលើអ្នកសារព័ត៌មាន និងការចោទប្រកាន់តាមផ្លូវតុលាការ និងបញ្ហាដែលកើតមានចំពោះអ្នកកាសែតបានកើនឡើងប្រមាណ៣០ភាគរយ បើធៀបនឹងឆ្នាំ២០២០។
លោកថាប្រសិនបើករណីនេះមិនត្រូវបានឆ្លើយតបនិងកាត់បន្ថយទេ នោះផលប្រយោជន៏ទាំងឡាយរបស់ប្រជាពលរដ្ឋ និងសង្គមនឹងត្រូវបានបោះបង់ចោល ឬបាត់បង់ជាមិនខាន។

nmr