តប តាកែវៈ ផ្លូវកៅស៊ូមួយខ្សែ ប្រភេទ DBST ប្រវែងជាង ១២ គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ២ វត្តអង្គរុន ឆ្ពោះទៅផ្លូវជាតិលេខ៣ ច្បារមន ត្រូវបានមន្ទីរអភិវឌ្ឍន៍ ជនបទ ខេត្តតាកែវ ធ្វើការជួសជុល និងកែលម្អឡើងវិញ បន្ទាប់ពីទទួលបានការស្នើសុំ ពីបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយផ្លូវ ខាងលើ ក្នុងស្រុកបាទី ខេត្តតាកែវ ស្នើសុំទៅលោក អ៊ូច ភា អភិបាលខេត្តតាកែវ និងលោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យមានការជួសជុល ផ្លូវកៅស៊ូមួយខ្សែនេះឡើងវិញ ដើម្បីសម្រួលដល់ការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជា ការបញ្ចៀសនូវ គ្រោះថ្នាក់ចរាចរណ៍ ក្រោយមានការខូចខាតជាដំណំ និងកន្លែងខ្លះ កៅស៊ូឡើងផុស អណ្តែតឡើងខ្ពស់ ងាយនឹងបង្ករគ្រោះថ្នាក់ ដោយសាររថយន្តធុនធ្ងន់ធំៗជាច្រើន ដឹកលើសទំងន់ បានបើកបរលើកំណាត់ផ្លូវ មួយខ្សែនេះ ។
លោក លីវ សំណាង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តតាកែវ បានប្រាប់ឱ្យភ្នាក់ងារ សារព័ត៌មាន ដឹងនៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ នេះថាៈ ចំពោះផ្លូវ ដែលប្រជាពលរដ្ឋ នៅឃុំកុមារាជា បានស្នើសុំឱ្យមានការជួយ ជួសជុលផ្លូវមួយខ្សែ ខាងលើ ឡើងវិញនោះ មកទល់ពេលនេះ មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានដាក់គ្រឿងចក្រ ចូលធ្វើការជួសជុល លើកំណាត់ផ្លូវ ដែលមានការខូតខាតនោះ បានជាង ៥០% ហើយ និងបន្តជួសជុលបន្ថែមទៀត នៅលើកំណាត់ផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ២ ទៅផ្លូវជាតិលេខ៣ ក្នុងភូមិសាស្ត្រស្រុកបាទីនេះ ឱ្យបានរួចរាល់ ១០០% ដែលមានប្រវែងជាង ១២ គីឡូម៉ែត្រនេះ ។
លោកបានបន្តថាៈ ការជួសជុលផ្លូវខាងលើ គឺមានការជួយជ្រោមជ្រែង និងណែនាំ ដោយផ្ទាល់ ពីសំណាក់លោកបណ្ឌិតសាភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោក អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ ដោយឱ្យមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្ត ចុះពិនិត្យលទ្ធភាពជាក់ស្តែង លើផ្លូវមួយខ្សែនេះ ដែលបងប្អូនប្រជាពលរដ្ឋ បានស្នើសុំ មកកាន់អាជ្ញាធរ ក្នុងគោលបំណងជួសជុលផ្លូវមួយខ្សែនេះឡើងវិញ ដើម្បីសម្រួលដល់ ការធ្វើការដំណើរ ដឹកជញ្ជូនទំនិញកសិផល និងបញ្ចៀសនូវគ្រោះថ្នាក់ចរាចរណ៍ផងដែរ ។
ជាមួយនឹងការជួសជុល ផ្លូវមួយខ្សែនេះឡើងវិញផងដែរ លោកប្រធានមន្ទីរអភិវឌ្ឍន៍ ជនបទ ក៏បានសំណូមពរ ដល់លោកអភិបាលក្រុង ស្រុកទាំង ១០ ក្នុងមូលដ្ឋាន ក្នុងខេត្តតាកែវ សូមចូលរួមទាំងអស់គ្នា ក្នុងការទប់ស្កាត់ការដឹកជញ្ជូនធ្ងន់ៗ ពីសំណាក់ ឡានដឹកទំនិញ លើសទំងន់ និងឡានដឹកថ្មធំៗ ដែលបើកបរលើកំណាត់ផ្លូវនេះ ឱ្យខានតែបាន ដើម្បីរក្សាផ្លូវមួយខ្សែនេះ បម្រើដល់បងប្អូនប្រជាពលរដ្ឋរបស់យើង ប្រើប្រាស់ធ្វើដំណើរ លើផ្លូវកៅស៊ូមួយខ្សែនេះ ឱ្យបានគង់វង់យូរអង្វែង ក៏បន្តែបើសិនជា អាជ្ញាធរមូលដ្ឋាន ធ្វើការទប់ស្កាត់ លើបញ្ហារថយន្តដឹកលើសទំងន់ទាំងនោះ មិនបានទេ នោះផ្លូវកៅស៊ូទាំងនោះ នឹងវិលទៅរកសភាពដើមវិញ ដោយខូចខាត និងពិបាក ក្នុងការធ្វើដំណើរឡើងវិញ៕