ថ្លែងនៅក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្មគ្រចិត្តសម្តេចតេជោ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២នេះ ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែងថា ជោគជ័យនៃការទប់ស្កាត់ជំងឺកូវីដ-១៩ មិនមែនជារឿងចៃដន្យនោះឡើយ ពោលគឺបានមកពីការរៀបចំ គ្រប់គ្រង ចាត់ចែង ដោយប្រើយុទ្ធសាស្ត្រច្រើនរបៀប ច្រើនដំណាក់កាល។ បើតាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលបានប្រើយុទ្ធសាស្ត្រ ៤ដំណាក់កាលដើម្បីយកឈ្នះលើជំងឺកូវីដ១៩។
ដំណាក់កាលទាំង៤ នោះរួមមាន៖ ទី១ គឺការទប់ស្កាត់ជំងឺកូវីដ១៩ កុំឲ្យឆ្លងចូលសហគមន៍ ដែលបានអនុវត្តចាប់ពីខែមីនា ឆ្នាំ២០២០ រហូតដល់ខែតុលា ឆ្នាំ២០២១។ ទី២ គឺការគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ១៩ ឆ្លងចូលក្នុងសហគមន៍ ដែលចាប់អនុវត្តពីខែវិច្ឆិកា ឆ្នាំ២០២០ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១។ ទី៣ ការបង្កើតភាពស៊ាំក្នុងសហគមន៍ តាមរយៈការអនុវត្តយុទ្ធសាស្ត្រជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គួបផ្សំនិងការគ្រប់គ្រងការឆ្លងរីករាលដាលជំងឺកូវីដ១៩ ចូលដល់ក្នុងសហគមន៍ ចាប់ពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ រហូតមកដល់ដំណាច់ខែតុលា ឆ្នាំ២០២១ និងដំណាក់កាលទី៤ ការបើកប្រទេសពេញលេញឡើងវិញលើគ្រប់វិស័យ រួមជាមួយការរៀនរស់នៅជាមួយកូវីដ១៩ តាមបែបគន្លងថ្មី។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ដំណាក់កាលដ៏សោកសៅបំផុតនោះ គឺក្នុងដំណាក់កាលនៃព្រឹត្តិការណ៍២០កុម្ភៈ ដែលពេលនោះសម្តេចបានប្រកាសឲ្យកសាងបច្ឆាសំរាប់បូជាសពបន្ថែមភ្លាមៗ ការរកដីសំរាប់បញ្ចុះសព និងការធ្វើក្តារមឈូសសំរាប់ដាក់ជនរងគ្រោះ ក៏ប៉ុន្តែពួកក្រុមប្រឆាំងដែលបានតែស្រែករិៈគន់នោះ បានចោទប្រកាន់រាជរដ្ឋាភិបាលថា បានប្រមាថជីវិតប្រជាជនទៅវិញ។
សម្តេចតេជោ ហ៊ុន សែន រំលឹកថា នៅពេលដែលមនុស្សរាប់ម៉ឺននាក់នៅក្នុងមន្ទីរពេទ្យនានានៅក្នុងពិភពលោកត្រូវបានដាក់ឲ្យព្យាបាលដោយដេកនៅលើឥដ្ឋការ៉ូ តែសំរាប់ប្រជាជនកម្ពុជាត្រូវបានព្យាបាលដោយមិនបានដេកនៅតាមឥដ្ឋការ៉ូនោះទេ ដែលនេះជាការខិតខំទាំងយប់ថ្ងៃរបស់រាជរដ្ឋាភិបាល និងក្រុមគ្រូពេទ្យស្មគ្រចិត្តរបស់យើង។
ទោះយ៉ាងណាសម្តេចថា កម្ពុជាអាចយកឈ្នះលើសមរភូមិកូវីដ១៩ តែមិនទាន់អាចយកឈ្នះលើសង្គ្រាមប្រឆាំងនឹងជំងឺកូវីដ១៩ នៅឡើយទេ។ ជាមួយគ្នានេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់កូនៗ ក្មួយៗ ជាក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដែលអ្នកខ្លះជាគ្រូពេទ្យរួចហើយ អ្នកខ្លះទៀតគឺកំពុងតែសិក្សា ដែលបានសម្រេចចូលរួមជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តប្រឆាំង កូវីដ-១៩ ដើម្បីជួយជីវិតប្រជាជន។
សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញមោទនភាពចំពោះ បងប្អូន កូន ក្មួយ ក្រុមគ្រូពេទ្យ ពិសេស អរគុណចំពោះ ឪពុក ម្ដាយ ប្ដី ប្រពន្ធ កូន ដែលព្រមលះបង់ពេលវេលានៃការមិនបានរួមរស់ជុំគ្នា អនុញ្ញាតឲ្យ ឪពុក ម្ដាយ កូន ប្ដី ប្រពន្ធ ចូលរួមជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ ប្រឆាំងកូវីដ-១៩៕