មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខណ្ឌទូទាំងប្រទេស បានក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ត្រូវអនុវត្តកាតព្វកិច្ចចាក់វ៉ាក់សាំង ដែលបានកំណត់ដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ពោលគឺត្រូវទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឲ្យបានគ្រប់ៗគ្នា។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង បានក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់អំពីកាតព្វកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ជាពិសេសការចាក់វ៉ាក់សាំងដូសជំរុញ។ ការរំលឹកនេះ កើតឡើងក្រោយការសង្កេតឃើញថា អត្រានៃការចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញនៅមានកម្រិតនៅឡើយ ពោលគឺមន្ត្រីរាជការដែលដល់ពេលវ៉ាក់សាំងដូសជំរុញ មិនទាន់បានបំពេញកាតព្វកិច្ចនៅឡើយ ខណៈជំងឺកូវីដ១៩ បាននិងកំពុងផ្ទុះឡើងវិញនៅកម្ពុជា ហើយត្រូវបានរកឃើញមានអ្នកឆ្លងជារៀងរាល់ថ្ងៃ។
បើតាមលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ប្រជាពលរដ្ឋមិនត្រូវភ្លេចខ្លួនពីជំងឺកូវីដ១៩ នោះទេ បើទោះបីជាមិនមានច្បាប់កំណត់ពីកាតព្វកិច្ចដូចមន្ត្រីរាជការ ដែលត្រូវអនុវត្តកំណត់ដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាលក្តី ក៏ប៉ុន្តែការទៅទទួលយកការចាក់វ៉ក់សាំងដូសជំរុញតាមការកំណត់របស់ក្រសួងសុខាភិបាល គឺជារឿងចាំបាច់បំផុតដើម្បីការពារខ្លួនពីជំងឺកូវីដ១៩។
គួរបញ្ជាក់ថា ប្រមុខរាជរដ្ឋាសភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ បានដាក់ចេញអនុក្រឹត្យ ស្តីពីកាតព្វកិច្ចក្នុងការទទួលការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩។ អនុក្រឹត្យនេះ មានគោលបំណងកំណត់អំពីកាតព្វកិច្ចទាក់ទងនឹងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា ហើយអនុក្រឹត្យនេះមានវិសាលភាពអនុវត្តចំពោះការចាក់វ៉ាក់សាំងនៅក្នុងប្រទេសកម្ពុជា ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។
កាតព្វកិច្ចក្នុងការទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ត្រូវអនុវត្តចំពោះមន្ត្រីរាជការសាធារណៈ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នៅក្នុងស្ថាប័ននីតិប្រតិបត្តិ។ ពលរដ្ឋទទួលអាណត្តិសាធារណៈដោយការបោះឆ្នោត និងមន្ត្រីរាជការសាធារណៈ នៅក្នុងស្ថាប័ននីតិប្បញ្ញត្តិ។ ចៅក្រម ព្រះរាជអាជ្ញា និងមន្ត្រីរាជការសាធារណៈ នៅក្នុងស្ថាប័នតុលាការ។
កាតព្វកិច្ចក្នុងការទទួលការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ក៏ត្រូវអនុវត្តផងដែរ ចំពោះបុគ្គលមួយចំនួនផ្សេងទៀត ដោយផ្អែកលើស្ថានភាពនៃការងារ ឬស្ថានភាពនៃមុខរបររបស់បុគ្គលនោះ តាមការកំណត់របស់ក្រសួងសុខាភិបាល។
អនុក្រឹត្យបញ្ជាក់ថា កាតព្វកិច្ចក្នុងការទទួលការចាក់វ៉ាក់សាំងខាងលើ មិនអនុវត្តចំពោះបុគ្គល ដែលមិនអាចទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានដោយមូលហេតុសុខភាព និងដោយមានលិខិតបញ្ជាក់ពីមន្ត្រីសុខាភិបាលមានសមត្ថកិច្ច។ អនុក្រឹត្យបន្តថា ប្រភេទនៃវ៉ាក់សាំង ព្រមទាំងបែបបទ និងនីតិវិធីនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ត្រូវអនុវត្ត តាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល៕