ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ ព័ត៌មាននយោបាយ

បុរសម្នាក់បានយកពូថៅកាប់មន្ត្រីនគរបាលម្នាក់ឲ្យរងរបួសធ្ងន់ពេលកំពុងដេកក្នុងអង្រឹងនៅក្រោមផ្ទះដោយគំនុំខឹងមន្ត្រីនគរបាលនោះជេរមាន់ទារំខានដល់ខ្លួន

កំពង់ស្ពឺៈ មន្ត្រីនគរបាលម្នាក់ រងរបួសធ្ងន់ ដោយសារបុរសម្នាក់ កាប់នឹងពូថៅ នៅពេលមន្ត្រីនគរបាលនោះ កំពុងដេកក្នុងអង្រឹង នៅក្រោមផ្ទះ ស្ថិតក្នុងភូមិត្រស់សាលា សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង ៨និង៣០ នាទី ព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២។

សមត្ថកិច្ចក្រុងច្បារមន បានឲ្យដឹងថាៈ ជនរងគ្រោះ មានឈ្មោះ ឆន ប៊ុនថន ហៅពៅ ភេទប្រុស អាយុ៣៧ឆ្នាំ មានតួនាទីជានាយផ្នែកការិយាយភ័ស្ដុភា នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ស្ពឺ។ ចំណែកជនសង្ស័យ ឈ្មោះ ហឹង រាជស័ង្ហហៈ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅ ក្នុងភូមិឃុំកើតហេតុ ជាមួយគ្នា។

ប្រភពដដែល បានបន្តថាៈ នៅថ្ងៃកើតហេតុនោះ ជនសង្ស័យ បានយកពូថៅ ដើរចូលផ្ទះ របស់ជនរងគ្រោះ ដោយឃើញជនរងគ្រោះ កំពុងដេកក្នុងអង្រឹង នៅក្រោមផ្ទះ ក៏កាប់មួយ ពូថៅ ចំថ្ពាល់ខាងឆ្វេង បណ្តាលឲ្យរងរបួសធ្ងន់។

ប្រភពដដែល បានបន្តទៀតថាៈ ក្រោយកើតហេតុ ជនសង្ស័យ ត្រូវបានជនរងគ្រោះ ចាប់ប្រគល់ឲ្យសមត្ថកិច្ចក្រុងច្បារមន យកទៅសាកសួរ។ បន្ទាប់មក ជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ ដឹកយកទៅព្យាបាល នៅឯមន្ទីរពេទ្យបង្អែក ខេត្តកំពង់ស្ពឺ
ហើយក្រុមគ្រូពេទ្យ បានដេរចំនួន ១០០ ថ្នេរ លើមុខរបួស របស់ជនរងគ្រោះ។

នៅចំពោះមុខសមត្ថកិច្ចក្រុងច្បារមននោះ ជនសង្ស័យ បានសារភាពថាៈ មូលហេតុដែលគេ កាប់ជនរងគ្រោះនោះ ដោយសារជនរងគ្រោះ ឧស្សាហ៍ជេរមាន់ទា រំខានដល់ជនសង្ស័យ។ បច្ចុប្បន្ន ជនសង្ស័យ កំពុងឃុំខ្លួន នៅស្នងការដ្ឋាននគរបាល ខេត្តកំពង់ស្ពឺ ដើម្បីអនុវត្តបន្ត តាមនីតិវិធីច្បាប់

nmr