រាជធានីភ្នំពេញ ៖ ព័ត៌មានបឋមនៅមុននេះបន្តិច ក្រុមថៅកុងឡានបែនដឹកដី អ្នកដែលបានកែចង្កូតហើយបាននាំគ្នាធ្វើការតវ៉ាបិតផ្លូវជាតិលេខ៤ ត្រង់ចំណុចភ្លើងស្តុបថ្នល់ទទឹង ស្ថិតនៅឃុំដំណាក់អំពិល ស្រុកអង្គស្នូល ខេត្តកណ្តាល ដោយតវ៉ាយកឡានចតបិតផ្លូវតែម្តង ។
នៅវេលាម៉ោង១១ជាងព្រឹក ថ្ងៃទី០៧ ខែកក្កដានេះ មានករណីបិតផ្លូវជាតិ បណ្តាលឲ្យមានការកកស្ទះ កំណាត់ផ្លូវជាតិលេខ៤ ផ្លូវលេខ៥១ និងផ្លូវលេខ៤១ ដោយបិតទាំងស្រុងតែម្តង គឺគ្មានឲ្យធ្វើចរាចរណ៍បានឡើយ ។
ចំពោះអ្នកតវ៉ាខាងលើនេះ សុទ្ធតែអ្នកបានកែចង្កូតស្តាំមកឆ្វេងហើយជាមួយនឹងការបង់ពន្ធរួចរាល់ហើយដែរ ។
ទាក់ទិនករណីថៅកុងឡាននាំគ្នាមកតវ៉ានេះដែរ គឺពួកគាត់ស្នើសុំឲ្យអ្នកមិនទាន់កែចង្កូតពីស្តាំមកឆ្វេង កែចង្កូតមកឆ្វេង និងបង់ពន្ធជូនរដ្ឋដូចគ្នា ។ ដោយពួកគាត់បានលើកឡើងថា ការធ្វើបែបនេះគឺមិនស្មើភាពចំពោះពួកគាត់ឡើយ ពួកស្នើសុំឲ្យរថយន្តធ្វើការបង់ពន្ធ និងកែចង្កូតឲ្យដូចគ្នា ទើបពួកគាត់ព្រម ។
បន្ទាប់ពីសម្តេចតេជោ បានប្រកាសឲ្យឡានចង្កូតស្តាំទៅបង់ពន្ធ ដោយមិនបាច់ឲ្យកែចង្កូតនោះ ស្រាប់តែឥឡូវនេះពួកគាត់អត់ព្រម (មិនសុំចិត្ត) ដោយស្នើឲ្យមានការកែចង្កូតដូចគ្នា ។
លើសពីនេះទៅទៀត អ្នកតវ៉ាបានសុំឲ្យចេញស្នាកលេខឡានប្រភេទកង់១០ កង់១២ ពួកបែនឲ្យពួកគាត់ ។
សូមបញ្ជាក់ថា ៖សម្តេចតេជោ បានបញ្ជាក់ថា ៖«ខ្ញុំសូមសម្រេច គឺគិតពីពេលនេះ គឺតែថ្ងៃទី៦ កក្កដា ឆ្នាំ២០២២នេះមួយថ្ងៃប៉ុណ្ណោះ សូមម្ចាស់រថយន្តដែលមានចង្កូតស្តាំអញ្ជើញទៅបង់ពន្ធ ដោយមិនចាំបាច់ផ្លាស់ប្តូរចង្កូតនោះទេ លើសពីថ្ងៃនេះទៅនឹងចាប់យកតែម្តង»៕