រដ្ឋមន្ដ្រីក្រសួងសុខាភិបាលថៃ លោក Anutin Charnvirakul បានបញ្ជាក់ច្បាស់ៗថា ប្រទេសថៃគ្មានគម្រោងទទួលយកបុរសជនជាតិនីហ្សេរីយ៉ាដែលកើតជំងឺអុតស្វា ពីកម្ពុជាត្រឡប់ទៅព្យាបាលនៅប្រទេសថៃវិញនោះទេ បើទោះបីជាអ្នកជម្ងឺមួយនេះបានគេចខ្លួនពីប្រទេសថៃមកក៏ដោយ។
ការចុះផ្សាយរបស់កាសែតបាងកកប៉ុស្ដិ៍ លោក Anutin រំពឹងអ្នកជំងឺរូបនេះនឹងទទួលការព្យាបាលនៅក្នុងប្រទេសកម្ពុជា ហើយលោកថាជារឿងល្អដែលគេអាចព្យាបាលនៅទីនោះ។ លោកក៏រំពឹងថាស្ថានភាពរបស់គេអាចនឹងបានល្អប្រសើរឡើងវិញ។
បុរសជនជាតិនីហ្សេរីយ៉ាដែលមានជំងឺអុតស្វាខាងលើមានអាយុ២៧ឆ្នាំ ត្រូវបានធ្វើតេស្ដចំនួនពីរលើកកាលពីថ្ងៃចន្ទនិងថ្ងៃអង្គារសប្ដាហ៍មុននៅក្នុងប្រទេសថៃ ដោយលទ្ធផលបញ្ជាក់ថាមានជំងឺអុតស្វា ដែលជាករណីដំបូងផងដែរនៅក្នុងប្រទេសថៃ។ ប៉ុន្ដែនៅពេលគ្រូពេទ្យទៅយករូបគេទៅព្យាបាល គេមិនបានស្ថិតនៅទីកន្លែងស្នាក់នៅឡើយ ហើយក្រោយមកទើបមានព័ត៌មានថាបានលួចឆ្លងដែនចូលកម្ពុជានៅថ្ងៃសុក្រ និងត្រូវបានរកឃើញនិងឃាត់ខ្លួននៅភ្នំពេញនៅថ្ងៃទី២២ ខែកក្កដា។
សមត្ថកិច្ចកម្ពុជាបានឃាត់ខ្លួនជនជាតិនីហ្សេរីយ៉ា ដែលកើតជំងឺអុតស្វានេះ នៅព្រលប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ ។ ការឃាត់ខ្លួននេះ ស្ថិតនៅផ្ទះសំណាក់ពណ៌មាស ផ្ទះលេខ៥១ ផ្លូវ៤៣០ សង្កាត់ទួលទំពូង ខណ្ឌចំការមន រាជធានីភ្នំពេញ។ ក្រោយពីពេលឃាត់ខ្លួន ជនជាតិនីហ្សេរីយ៉ារូបនេះ ត្រូវបានប្រគល់ជូនមន្ដ្រីជំនាញរបស់ក្រសួងសុខាភិបាល ដើម្បីអនុវត្តវិធានការបន្ដ។
បច្ចុប្បន្នរូបគេកំពុងសម្រាកនៅមន្ទីរពេទ្យរុស្ស៊ី ហើយគ្រូពេទ្យក៏បានធ្វើតេស្ដលើរូបគេចំនួនពីរដងទៀត លទ្ធផលទទួលបានគឺមានជំងឺអុតស្វាដូចគ្នា។ ចំពោះអ្នកពាក់ព័ន្ធនៅកម្ពុជា គិតត្រឹមល្ងាចនៃថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២នេះរកឃេីញអ្នកពាក់ព័ន្ធសរុបចំនួន ៥នាក់ហេីយ ដែលបានណែនាំឱ្យនៅដោយឡែកសម្រាប់តាមដានសុខភាពពួកគាត់។
ពួកគាត់ទាំង ៥នាក់នេះ មិនទាន់បង្ហាញសញ្ញាណាមួយដែលបញ្ជាក់ពីការឆ្លងនៅឡេីយទេ ទោះជាយ៉ាងណា ពួកគាត់ចាំបាច់ត្រូវនៅដាច់ដោយឡែកនៅផ្ទះរបស់ពួកគាត់ និងតាមដានសុខភាពផ្ទាល់ខ្លួន ហេីយត្រូវរាយការណ៍ជូនក្រុមគ្រូពេទ្យប្រសិនបេីមានចេញរោគសញ្ញាណាមួយដែលសង្ស័យ និងរក្សាសណ្តាប់ធ្នាប់សុវត្ថិភាពឃ្លាំមេីលដោយអាជ្ញាធរមានសមត្ថកិច្ចនៃរដ្ឋបាលរាជធានីភ្នំពេញ។
រោគសញ្ញានៃជំងឺអុតស្វា (Monkeypox) រួមមាន:
1. គ្រុនក្តៅ
2. ឈឺក្បាល
3. ឈឺសាច់ដុំ និងឈឺខ្នង
4. ហើមកូនកណ្តុរ (Lymph nodes)
5. គ្រុនញាក់
6. មានពងបែកនៅលើផ្ទៃមុខ ដៃ ជើង ប្រដាប់បន្តពូជ
រន្ធគូទ និងផ្សេងទៀតនៃរាងកាយ។
-សូមចូលរួមការពារទាំងអស់គ្នា
– តាមរយៈការលាងដៃជាប្រចាំ និងមិនត្រូវប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺ។
ក្នុងករណីសង្ស័យថា ខ្លួនអ្នក ឬក៏អ្នកដែលអ្នកស្គាល់ឆ្លងជំងឺអុតស្វា ត្រូវទាក់ទងបន្ទាន់ទៅកាន់លេខ ១១៥ ៕