ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

ដុត​បំផ្លាញ​ ប៊ី​ចេ​ង​ក្លែងក្លាយ​ចំនួន​១៨​តោន ចោលដែល បង្កនូវហានីភ័យខ្ពស់ដល់សុខភាពជនសង្ស័យត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តផងដែរ

ខេត្តសៀមរាប ៖ ប៊ី​ចេ​ង​សញ្ញា​រូប​វែក ដែល​បាន​ក្លែងបន្លំ​ពាណិជ្ជសញ្ញា និង​ក្លែង​ផលិតផល​ទំនិញ ត្រូវ​បាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ នៃ​ស្នងការដ្ឋាន​ការ​នគរ​ខេត្តសៀមរាប បា​នធ្វើការ​ឆែកឆេរ​ត្រួតពិនិត្យ និង​ដកហូត​បាន​ចំនួន​១៨​តោន កាលពី​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០១៩ នោះ ពេល​នេះ​ត្រូវ​បាន​យក​មក​ធ្វើ​ពិធី​ដុត​បំផ្លាញ​ចោល​ហើយ នា​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២២ ស្ថិត​នៅ​ភូមិ​អន្លង់​ពីរ ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ក្រោម​វត្តមាន​របស់​លោក​ឧត្តមសេនីយ៍ទោ ទូច យុ​ទ្ធា អនុ​លេខា ធិ​ការដ្ឋាន​នៃ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ នៃ​ក្រសួងមហាផ្ទៃ ដោយ​មានការ​ចូលរួម​ពី​លោក​ព្រះរាជអាជ្ញា​រង ស្នងការ​រង​ខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ អាជ្ញាធរ​ស្រុក កម្លាំង​នគរបាល​ការិយាល័យ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​, អធិការ​នគរបាល​ស្រុក និង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល មន្ត្រីរាជការ​ផង​ដែរ ។

តាម​ការ​បញ្ជាក់​របស់​លោក​ឧត្តមសេនីយ៍ទោ ទូច យុ​ទ្ធា អនុ​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ នៃ​ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹងផង​ដែរ​ថា វត្ថុ​តាង​ទាំងនេះ គឺជា​បទល្មើស​ក្នុង​ការ​ក្លែងបន្លំ​ពាណិជ្ជសញ្ញា និង​ក្លែង​ផលិតផល​ទំនិញ ដោយ​បាន​រំ​លោ​.​ភ​ទៅ​លើ​សិទ្ធិ​បញ្ញា​ក្រុមហ៊ុន ដែល​បាន​ធ្វើការ​ចុះបញ្ជី​នៅ​ក្រសួង​ពាក់ព័ន្ធ ។ ម្យ៉ាងទៀត វត្ថុ​តាង​ទាំងនេះ ក៏​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ជំនាញ ធ្វើការ​ដកហូត​បាន​កាលពី​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០១៩ ស្ថិត​នៅ​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​ខេត្តសៀមរាប រួច​យក​មក​រក្សា​ទុក​នៅ​ស្នងការ​នគរបាល​ខេត្ត ដើម្បី​រង់ចាំ​ការ​សម្រេច​ពី​តុលាការ ក្នុង​ការ​រៀបចំ​ដុត​បំផ្លាញ​ចោល ហើយ​ចំពោះ​បុគ្គល​សង្ស័យ​ក៏​ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ផង​ដែរ ។

លោក​ឧត្តមសេនីយ៍ទោ ក៏​បាន​បន្ត​ទៀត​ថា ប៊ី​ចេ​ង​ក្លែងក្លាយ​ទាំង​១៨​តោន​នេះ សមត្ថកិច្ច​ក្រុម​ប្រតិបត្តិការ នៃ​គណៈកម្មាធិការ ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ បាន​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ចុះ​ធ្វើការ​ឆែកឆេរ​ត្រួតពិនិត្យ​ជាក់ស្តែង ហើយ​បាន​រក​ឃើញ​មានការ​រក្សា​ទុក សម្ភារៈ​វេច​ខ្ចប់​លក់ និង​ចែកចាយ​ផលិតផល ដែល​ជា​ការ​បង្ក​នូវ​គ្រោះថ្នាក់ មាន​ហា​នី​ភ័យ​ខ្ពស់ ដល់​សុខភាព និង​សុវត្ថិភាព​សង្គម ដល់​អ្នក​ប្រើប្រាស់ ។ ហើយ​ក្រោយ​ពេល​នីតិវិធី​របស់​ស្ថាប័ន​តុលាការ​បាន​ចប់​សព្វគ្រប់​ហើយ ទើប​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ សុំ​ធ្វើការ​រៀបចំ​ដុត​បំផ្លាញ​ចោល​នៅ​ថ្ងៃនេះ​តែ​ម្តង ។

លោក​ក៏​បាន​បញ្ជាក់​ថា រាល់​បទល្មើស​ទាំងអស់ ហើយ​គ្រប់​រូប ត្រូវ​ចូលរួម​សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ ក្នុង​ការ​បង្ក្រាប​ទប់ស្កាត់​នូវ​ផលិតផល​ក្លែងក្លាយ ដែល​គ្មាន​ស្លាក​យីហោ​ត្រឹមត្រូវ និង​មិន​បាន​ចុះ​កម្មសិទ្ធិបញ្ញា​នៅ​ក្រសួង ដែល​បាន​ធ្វើ​ចរាចរ​នៅ​តាម​ទីផ្សារ ឬ​តាម​ហាង និង​ទីកន្លែង​ផ្សេង​ៗ​ទៀត គឺ​ត្រូវ​ធ្វើការ​បង្ក្រាប​ឲ្យ​ខាង​តែ​បាន ។ ក្នុង​នោះ​លោក​ក៏​បាន​បញ្ជាក់​ទៀត​ថា គ្រប់​សកម្មភាព​បទល្មើស​ទាំងអស់ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ កម្លាំង​សមត្ថកិច្ច​នៅ​តែ​ធ្វើការ​បង្ក្រាប​ឲ្យ​ដូច​ភ្លៀងរលឹម ហើយ​ក៏​មិន​ខ្លោ​ប​ខ្លាច​ជនល្មើស​ទាំងនោះ​ឡើយ ។

តាម​ការ​បញ្ជាក់​របស់​លោក ប៉ុន តារា ព្រះរាជអាជ្ញា​រង នៃ​សាលាដំបូង​ខេត្តសៀមរាប បាន​ឲ្យ​ដឹង​ថា ចំពោះ​ករណី​បុគ្គល​ម្ចាស់​ផលិតផល​ក្លែងក្លាយ​នេះ ត្រូវ​បាន​សាលាដំបូង​ខេត្ត ចេញ​សាលក្រម​ដាក់​ពន្ធនាគារ​រយៈពេល​១​ឆ្នាំ ។

ក្នុង​នោះ​ផង​ដែរ តំណាង​ក្រុមហ៊ុន ដែល​ជា​អ្នក​ដើមបណ្តឹង ក៏​បាន​ធ្វើការ​បកស្រាយ​បង្ហាញ​នូវ​សារៈ​សំខាន់​ៗ​នៅ​លើ​កញ្ចប់​ប៊ី​ចេ​ង​សញ្ញា​រូប​វែក ដើម្បី​ជា​ចំណុច​សម្គាល់​ទៅ​លើ​ផលិតផល​ក្លែងក្លាយ និង​មិន​ក្លែងក្លាយ សម្រាប់​ប្រជាពលរដ្ឋ​យើង​គ្រប់​រូប​យក​ទៅ​ប្រើប្រាស់​គ្រប់​ៗ​គ្នា​៕

Picture
Picture
Picture
Picture
nmr