ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

ហាងម៉ាស្សាមួយកន្លែង យីហោ «777ល្បិចខ្ពស់យូហើយពេលនេះត្រូវអស់ល័ក្ខក្រោយលួចលុយពីកាបូបភ្ញៀវ ១.៧០០ដុល្លារ ប្ដូរដាក់លុយសែនជំនួសវិញ

ខេត្តកំពង់ឆ្នាំង ៖ សមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២២នេះ បានបញ្ជូនខ្លួនជនសង្ស័យប្រុសស្រីចំនួន៤នាក់ទៅកាន់តុលាការ ពីបទ«លួចលុយដុល្លារពិតរបស់ភ្ញៀវ ដែលចូលទៅម៉ាស្សា រួចបន្លំដាក់លុយដុល្លារក្លែងក្លាយចូលក្នុងកាបូបភ្ញៀវវិញ» ។ ករណីនេះ ប្រព្រឹត្តឡើងកាលពីយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចហាងម៉ាស្សាមួយកន្លែង យីហោ «777» ស្ថិតនៅក្នុងភូមិទី៣ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។
បើតាមការបញ្ជាក់របស់សមត្ថកិច្ចនគរបាល បានឲ្យដឹងថា កាលពីយប់ថ្ងៃទី៣១ ខែកក្កដា មានភ្ញៀវបុរសម្នាក់បានចូលទៅម៉ាស្សានៅកន្លែងម៉ាស្សាមួយកន្លែង យីហោ «777» ។ នៅពេលចូលបន្ទប់ម៉ាស្សា ភ្ញៀវបានដោះខោភ្ជួរនៅជញ្ជាំងក្បែរបង្អួច ពេលនោះក៏មានយុវជនម្នាក់បានលួចយកកាបូបពីក្នុងហោប៉ៅខោរបស់ភ្ញៀវ រួចហើយលួចយកលុយដុល្លារពិតរបស់ភ្ញៀវចំនួន១៧០០ដុល្លារ បន្ទាប់មកក៏បានដាក់ដុល្លារក្លែងក្លាយជាលុយសែនចូលក្នុងកាបូបរបស់ភ្ញៀវចំនួន១៧០០ដុល្លារវិញ ។
ប្រភពដដែលបានបន្តថា លុះម៉ាស្សាហើយ ភ្ញៀវក៏បានចេញមកវិញ ដោយមិនបានដឹងថា បាត់លុយនោះទេ ។ លុះស្អែកឡើង ថ្ងៃទី១ ខែសីហា ពេលទិញអីវ៉ាន់គេ រួចដកកាបូបឡើង ស្រាប់តែឃើញសុទ្ធតែលុយដុល្លារសែន ទើបភ្ញៀវជាជនរងគ្រោះរាយការណ៍ប្រាប់សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំង និងធ្វើការស្រាវជ្រាវ រហូតឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ដែលសមគំនិតគ្នាជាប្រព័ន្ធលួចលុយភ្ញៀវចំនួន១៧០០ដុល្លារ ដោយដាក់ប្រាក់ដុល្លារក្លែងក្លាយ ចំនួន១៧សន្លឹកចូលកាបូបភ្ញៀវវិញ ។
ក្រោយពេលឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចក៏បានដកហូតនូវវត្ថុតាងប្រាក់ដុល្លារពិត ចំនួន២០០ដុល្លារ និងប្រាក់ខ្មែរចំនួន៦លាន១០ម៉ឺនរៀល (ពេលលួចបានពួកគេដូរចែកគ្នាអស់) និងប្រាក់ដុល្លារក្លែងក្លាយមួយចំនួនទៀត ។
គួរបញ្ជាក់ថា ជនសង្ស័យទាំង៤នាក់ខាងលើនេះ រួមមាន ៖ ១- ឈ្មោះ ឆេន ធិន ភេទប្រុសអាយុ២៣ឆ្នាំ ជាអ្នកលួច និងបន្លំដាក់ដុល្លារក្លែងក្លាយ, ២- ឈ្មោះ ឆេន សារិន ភេទស្រី អាយុ២៩ឆ្នាំ ជាអ្នកសមគំនិត, ៣- ឈ្មោះ ស៊ីម នាង ភេទស្រី អាយុ២៤ឆ្នាំ ជាអ្នកសមគំនិត និង៤- ឈ្មោះ ទឹម ស្រីរីម អាយុ២៤ឆ្នាំ ជាអ្នកផ្សំគំនិត។ ជនសង្ស័យទាំង៤នាក់នេះ មានទីលំនៅក្នុងភូមិពានី ឃុំក្រពុំឈូក ស្រុកកោះអណ្ដែត ខេត្តតាកែវ និងបានមកប្រកបមុខរបរម៉ាស្សានៅហាងម៉ាស្សាយីហោ «777» ក្នុងភូមិទី៣ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ៕

nmr