ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

ពលរដ្ឋជាច្រើនពាន់នាក់ត្អូញត្អែរពីក្រុមហ៊ុន អេកូឡូខល់ សឺលូសិន ចុះប្រមូលសំរាមយឺតយ៉ាវបង្កឱ្យមានធំក្លិនស្អុយប៉ះពាល់ដល់សុខភាព និងសណ្តាប់ធ្នាប់

កោះកុង៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ត្អូញត្អែរតាមបណ្តាញសង្គមហ្វេសប៊ុក ករណីក្រុមហ៊ុន អេកូឡូខល់ សឺលូសិន ចុះប្រមូលសំរាមយឺតយ៉ាវបង្កឱ្យមានធំក្លិនស្អុយប៉ះពាល់ដល់សុខភាព និងសណ្តាប់ធ្នាប់។

ពលរដ្ឋម្នាក់ក្នុងចំណោមពលរដ្ឋជាច្រើនពាន់នាក់ នៅភូមិចាំយាម លោក ហុង ពៅ បានលើកឡើងតាម​ហ្វេសប៊ុក​កាលពីថ្ងៃទី២៧ ខែកញ្ញា ថា ក្រុមហ៊ុនមកយកលុយ ខែសីហា តែមកដល់ពេលនេះថ្ងៃ២៧ ខែកញ្ញា ឆ្នាំ២០២២ មិនទាន់ឃើញក្រុមហ៊ុនមកយកសំរាម បង្កឱ្យមានក្លិនស្អុយ ហើយនៅតំបន់នេះ មានក្មេងតូចៗក៏ច្រើន។ លោកបញ្ជាក់ថា កាកសំណល់សំរាមទាំងនេះ ត្រូវបានក្រុមហ៊ុនខកខានប្រមូលជិត១ខែទៅហើយ។

លោក ហុង ពៅ បន្ថែមថា ក្នុងនាមលោកជាប្រជាពលរដ្ឋ សំណូមពររដ្ឋបាលសាលាស្រុក ជួយកំណត់ក្រុមហ៊ុន​ប្រមូលសំរាមយកក្នុងមួយសប្តាហ៍ឱ្យបាន២ដងយ៉ាងតិច កុំទុកយូរពេកនាំជះក្លិនស្អុយ ប៉ះពាល់ដល់បរិស្ថាន និងសុខភាពរបស់ប្រជាពលរដ្ឋ។

ទាក់ទិននឹងបញ្ហានេះដែរ ត្រូវបានលោក ប៉ែន ប៊ុនឈួយ អភិបាលរងស្រុកមណ្ឌលសីមា ឆ្លើយតបថា លោកកំពុង​ជំរុញឱ្យក្រុមហ៊ុន ពន្លឿនការចុះប្រមូលសំរាមដែលកកស្ទុះនៅមុខខ្នងផ្ទះប្រជាពលរដ្ឋ ឬទីសាធារណៈ គ្រាដែល​ក្រុមហ៊ុននេះ ទើបតែចូលមកវិនិយោគប្រមូលសំរាម។

លោកអភិបាលរងស្រុកមណ្ឌលសីមា និយាយណែនាំដល់តំណាងក្រុមហ៊ុនទៀតថា ធ្វើយ៉ាងកុំឱ្យខូចឈ្មោះក្រុមហ៊ុន អេកូឡូខល់ សឺលូសិន។ ក្នុងកិច្ចប្រជុំព្រឹកមិញ លោកក៏ស្នើសុំដល់ក្រុមហ៊ុនរើសបន្ថែមបុគ្គលិក កម្មករ និងរថយន្តដឹក​សំរាម ដើម្បីកុំឱ្យមានការកកស្ទះ ចៀសវាងការរិះគន់ពីប្រជាពលរដ្ឋ។

ចំណែកលោក សុន លីណា តំណាងក្រុមហ៊ុនអេកូឡូខល់ សឺលូសិន អះអាងថា កន្លងទៅរថយន្តដឹកសំរាមបានខូចខាត និងជួសជុល ទើបប្រមូលសំរាមពុំសូវទាន់ពេលវេលា។ តែឥឡូវនេះលោកបានចាត់បុគ្គលិកចុះប្រមូលសំរាមទៅតាមទីតាំងគោលដៅនីមួយៗ ទោះត្រូវធ្វើការថែមម៉ោងក៏ដោយ។

តំណាងក្រុមហ៊ុនប្រមូលសំរាម លើកឡើងថា ដាច់ខែកញ្ញា ក្រុមហ៊ុនជ្រើសរើសបុគ្គលិកកម្មករបន្ថែម ដើម្បីបង្កលក្ខណៈ​ប្រមូលសំរាមបានទាន់ពេលវេលា ដែលក្រុមហ៊ុនបានធ្វើកិច្ចសន្យាជាមួយអាជ្ញាធរស្រុក និងប្រជាពលរដ្ឋ៕

nmr