ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ ដឹកនាំកិច្ចប្រជុំតាមអនឡាញ( Video Conference ) ជាមួយលោកលោកស្រីស្នងការរង និងលោកអធិការនគរគរបាលខណ្ឌទាំង១៤ ដាក់ផែនការឱ្យបង្កើនយកចិត្តទុកដាក់ខ្ពស់បំផុតការអនុវត្តវិធានការបំរាមគោចរ ពង្រឹងគោលដៅបិទខ្ទប់ និងគោលដៅធ្វើចត្តាឡីស័ក ឱ្យបានម៉ឺងម៉ាត់ ដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ។ នៅគ្រាដែលរដ្ឋបាលរាជធានីភ្នំពេញថ្មីៗនេះបានដាក់ចេញនូវការអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្នរយៈពេល២សប្តាហ៍ ការអនុត្តបំរាមគោចរមានរយៈពល១១យប់និងឈានចូលដល់យប់ទី១២ នោះហើយ រឹត្បិតទៅលើការធ្វើដំណើរចរាចរណ៍ រឹត្បិតចំពោះការប្រមូលផ្តុំ រឹត្បិតចំពោះរបរអាជីវកម្ម ដែលមានការជួបជុំទទួលទានអាហារ ភេសជ្ជៈរឺគ្រឿងស្រវឹង និង វិធានការបិទខ្ទប់នៅក្នុងសហគមន៍មួយចំនួនក្នុងខណ្ឌមានជ័យ ខណ្ឌសែន សុខ និងខណ្ឌពោធិ៍សែនជ័យ ខណៈដែលសហគមន៍ទាំងនោះបានរកឃើញមានអ្នកឆ្លងជំងឺកូវីដ១៩ ជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ។
ក្នុងកិច្ចប្រជុំនោះឯកឧត្តម អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានណែនាំដល់លោកលោកស្រីស្នងការរង និងលោកអធិការនគរបាលខណ្ឌទាំង១៤ ត្រូវដឹកនាំកម្លាំងក្រោមឱវាទចុះសហការជាមួយកម្លាំងពាក់ព័ន្ធអនុវត្តវិធានការខាងលើឱ្យមានប្រសិទ្ធភាព និងការទទួលខុសត្រូវ។ជាពិសេសអនុវត្តឱ្យបានត្រឹមត្រូវតាមផែនការនិងការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ចៀសវាងការអនុវត្តលើសផែនការនិងការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញបង្កឱ្យរងការរិះគន់របស់ប្រជាពលរដ្ឋ។ដើម្បីពង្រឹងនៃការអនុវត្តវិធានការខាងលើឱ្យមានប្រសិទ្ធភាព គេឃើញឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅថ្មីៗនេះបានអញ្ជើញចុះត្រួតពិនិត្យគោលដៅបិទខ្ទប់ តម្រូវឱ្យប្រជាពលរដ្ឋធ្វើចត្តាឡីស័កនៅក្នុងសហគមន៍នៅចំណុចភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែន សុខ រាជធានីភ្នំពេញ ដែលមានកម្លាំងនគរបាលរាជធានីភ្នំពេញសហការជាមួយកម្លាំងពាក់ព័ន្ធ ដាក់ការហ៊ុមព័ទ្ធដោយរនាំងដែក និងចងខ្សែ បិទផ្លូវ ចេញ-ចូល នៅក្នុងសហគមន៍នេះ មានចំនួន២១គោលដៅ ដោយរឹត្បិតមិនឱ្យធ្វើដំណើរចេញ-ចូល លើកលែងតែមានការអនុញ្ញាតដោយអាជ្ញាធរសមត្ថកិច្ច និងករណីចាំបាច់ណាមួយនោះ។
ក្នុងការចុះត្រួតពិនិត្យឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ក៏បានណែនាំដល់កងកម្លាំងការពារគោលដៅនេះ ត្រូវបំពេញភារកិច្ចដោយប្រុងប្រយ័ត្ន ជាពិសេសការពារទប់ស្កាត់កុំឱ្យបានចំពោះប្រជាពលរដ្ឋលួចគេចចេញពីការធ្វើចត្តាឡីស័ក ដែលមានហានិភ័យបង្កឆ្លងរាលដាលជំងឺកូវីដ១៩។ នៅក្នុងពេលនោះឯកឧត្តម អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានលើកទឹកចិត្តឧបត្ថម្ភថវិកា និងអាហារសម្រន់មួយចំនួនជូនកងកម្លាំង ផងដែរ។