ភ្នំពេញ ៖ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា កម្ពុជានៅសល់ពេល ៣ឆ្នាំទៀត ដើម្បីបន្តការបោសសម្អាតមីន សំដៅឈានដល់ការសម្រេចបានគោលដៅចុងក្រោយ គឺកម្ពុជាគ្មានមីនប្រឆាំងមនុស្សចាប់ពីឆ្នាំ២០២៥ ជាមួយនិងការគំរាមដោយសំណល់ជាតិផ្ទុះ នឹងត្រូវបានកាត់បន្ថយដល់កម្រិតអប្បបរមា។ កម្ពុជា បាននឹងឈានដល់ប្រកាសខេត្ដរាជធានីចំនួន ៥គ្មានមីន រួមមាន ខេត្ដ ស្ទឹងត្រែង ព្រៃវែង ភ្នំពេញ និងខេត្ដព្រះសីហនុ ដែលក្នុងនោះភូមិចំនួន ១,៧០៥ត្រូវបានប្រកាសជាភូមិអស់មីន។ ក្រោមគម្រោងសម្ដេចតេជោ សម្រាប់សកម្មភាពមីន ផ្ដល់ដីសុវត្ថិភាពបង្កើតស្នាមញញឹម ខេត្ដមួយចំនួនទៀតនឹងត្រូវប្រកាសជាខេត្ដអស់មីន ដែលរួមមានខេត្ដ ត្បូងឃ្មុំ កំពង់ចាម កំពង់ឆ្នាំង តាកែវ កំពត ស្វារៀង កំពង់ស្ពឺ និងខេត្ដក្រចេះ។
សម្ដេចតេជោ ហ៊ុន សែន បន្ថែមទៀតថា សម្ដេចពិតជាមានការអរគុណយ៉ាងខ្លាំងចំពោះប្រទេសជាមិត្តដែលបានជួយដល់សកម្មភាពបោសសម្អាតមីននៅកម្ពុជា មិនថា គាំទ្រជាថវិកា និងជាសម្ភារនោះទេ។ សម្ដេចបន្តថា កម្ពុជាត្រូវការជំនួយពីប្រទេសជាមិត្ត តែមិនអាចពឹងផ្អែកលើជំនួយទាំងស្រុងនោះទេ។
សម្ដេចតេជោ ហ៊ុន សែន ៖«ពិតមែនហើយយើងមានតម្រូវការស្ដីអំពីការជួយពីមិត្តភ័ក្រ ប៉ុន្ដែសម្រាប់យើងយើងត្រូវតែប្រឹងជាមួយនិងការដាក់ចេញនូវគោលដៅ ស្ដីអំពីបញ្ហាលំហូរថវិកា សម្រាប់ការទ្រទ្រង់សកម្មភាពការដោះមីននេះ។ ក្នុងនេះក៏សូមអរព្រះគុណចំពោះព្រះករុណា ចំពោះហ្លូងម៉ែ អរគុណចំពោះសប្បុរសជននានា ដែលបានចូលរួមក្នុងរយៈពេលកន្លងទៅ ដែលថវិកានោះបានប្រើប្រាស់អស់ជាង ១០លានដុល្លារទៅហើយ នៅសល់ជាង ៨លានដុល្លារ។ ខ្ញុំនៅតែបន្តអំពាវនាវឲ្យសប្បុរសជនដែលជាអ្នកមានលទ្ធភាពរបស់កម្ពុជា ដើម្បីជួយកម្ពុជាខ្លួនឯងក្នុងឋានៈជាម្ចាស់ផ្ទះ»។
សម្ដេចតេជោ ហ៊ុន សែន អះអាងថា ក្រៅពីចលនាជាតិនេះ រាជរដ្ឋាភិបាលក៏នឹងរៀងចំថវិកាជាតិសម្រាប់សកម្មភាពមីននេះផងដែរ។ សម្ដេចបញ្ជាក់ថា កម្ពុជាត្រូវធ្វើការងារនេះដើម្បីធានាថា ឆ្នាំ២០២៥ កម្ពុជានឹងគ្មានមីនបន្តទៀត។ ប្រមុខរាជរដ្ឋាភិបាល សង្កត់ធ្ងន់ថា បើគ្មានការប្ដេជ្ញាចិត្ត គ្មានការតាំងចិត្ត កម្ពុជាមិនអាចដោះមីនអស់ពីដីកម្ពុជាឡើយ ហេតុដូច្នេះរាជរដ្ឋាភិបាលនៅតែបន្តកិច្ចការដោះមីននេះ ម្ខាងអំពាវនាវដល់ប្រទេសជាមិត្ត ម្ខាងអំពាវនាវដល់សប្បុរសជន និងម្ខាងទៀតប្រើថវិកាជាតិ ដើម្បីដោះស្រាយបញ្ហាមីន។ សង្រ្គាមបានចប់ ប៉ុន្ដែមីនមិនទាន់ចប់ ទើបរាជរដ្ឋាភិបាលត្រូវខិតខំបន្ថែមទៀតបញ្ចប់បញ្ហាមីនឲ្យអស់នៅត្រឹមឆ្នាំ២០២៥៕