ព្រឹត្តិការណ៍អង្គរសង្រ្កាន្តនឹងត្រូវរៀបចំឡើងវិញ នៅឆ្នាំ២០២៣ខាងមុខនេះ ដែលនឹងមាន៦ទីតាំងកម្សាន្ត មាន៤៤ កម្មវិធី ដោយមានធ្វើការបង្ហាញ ពីផលិតផលរបស់ខ្មែរ ដែលមានរយៈពេល៤ថ្ងៃ ចាប់ពី ព្រឹកថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ហើយពិធីបើកព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៣នេះ គឺនឹងត្រូវធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង សម្តេច គតិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទៀតផង ។
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២នេះ បានជួបពិភាក្សាការងាររៀបចំអង្គរសង្ក្រាន្តជាមួយអាជ្ញាធរខេត្ត នៃគណៈកម្មការរៀបចំកម្មវីធីអង្គរសង្រ្កាន្ត ឆ្នាំ២០២៣ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់អស់លោក លោកស្រីជាសមាជិកអនុគណៈកម្មការរៀបចំកម្មវីធីអង្គរសង្រ្កាន្តខេត្ត ព្រមទាំងសហភាពសហព័ន្ធយុវជនកម្ពុជា នៅសាលប្រជុំរដ្ឋបាលសាលាខេត្តសៀមរាប ។ នេះបើតាមរដ្ឋបាលខេត្តសៀមរាប។
ឯកឧត្តម ទៀ សីហា ក៏បានលើកឡើងបញ្ជាក់ថា កិច្ចប្រជុំរបស់គណៈកម្មការរៀបចំកម្មវីធីអង្គរសង្រ្កាន្ត នៃសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងការរៀបចំខួប១០ឆ្នាំនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក្រោមប្រធានបទ ( ក្តីស្រមៃ និងក្តីសង្ឃឹម ) អាជ្ញាធរខេត្តនាពេលនេះ បានពិនិត្យទៅលើរាល់ គម្រោង ផែនការនៃផែននិមួយៗ ក្នុងការរៀបចំពិធីបុណ្យអង្គរសង្រ្កាន្ត ព.ស២៥៦៦.២៥៦៧គ.ស ២០២៣ឲ្យដំណើរការទៅទទួលដោយជោគជ័យ ។ ឯកឧត្តមក៏បានគូសបញ្ជាក់ថា កិច្ចការទាំងនេះ យើងទទួលបានបទពិសោធន៍ជាច្រើនឆ្នាំមកហើយ ព្រមទាំងបានដំណើរការប្រព្រឹត្តទៅដោយភាពរលូន និងទទួលបានជោគជ័យទៀតផង។ ឯកឧត្តម អភិបាលខេត្តក៏បានសង្កត់ធ្ងន់ដោយមន្ទីរ ស្ថាប័ន អង្គភាព និង វិស័យឯកជនត្រូវពង្រឹងលេីបញ្ហាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ និង ចរាចរណ៍ បញ្ហាអនាម័យ បរិស្ថាន សំខាន់នូវបង្គន់អនាម័យ និង ទីចំណតរថយន្តគ្រប់ប្រភេទទៀតផងនៅតំបន់ប្រារព្ធពិធី ។