ភ្នំពេញ ៖ តាមរយៈហ្វេសប៊ុកផ្លូវការផ្ទាល់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ បានសរសេរថា៖ ខ្ញុំបានទទួលព័ត៌មានតាមហ្រ្វេសញ៉ូអំពីលិខិតរបស់លោក គង់ គាំ បំភ្លឺអំពីដំណើររឿងទាក់ទងនឹងដី និងផ្ទះ ដែលជាកម្មសិទ្ធិរបស់ក្រសួងការបរទេស។ ខ្ញុំទទួលស្គាល់ថា អ្វីដែលលោក គង់ គាំ បានរៀបរាប់ក្នុងលិខិតនោះ ភាគច្រើនជាការពិត ពិសេសត្រង់ចំណុចចុងក្រោយក្នុងលិខិតដែលលោក គង់ គាំ បញ្ជាក់យ៉ាងច្បាស់ថា «ខ្ញុំចាំថា ពេលសម្រេចចិត្តចូលមករស់នៅក្នុងផ្ទះនេះ ខ្ញុំពិតជាបានជូនព័ត៌មានចំពោះលោករដ្ឋមន្រ្តី ដោយមិនអាចខ្វះការគួរសមនោះឡើយ ហើយលោ ករដ្ឋមន្រ្តីក៏បានយោគយល់រហូតមក»។
សម្ដេចតេជោបន្តថា៖ ខ្ញុំសូមបញ្ជាក់ថា ខ្ញុំពិតជាមានការយោគយល់ចំពោះការស្នាក់នៅនៅផ្ទះរបស់ក្រ សួងការបរទេស ប៉ុន្តែខ្ញុំពុំដែលបានសម្រេចប្រគល់ផ្ទះ និងដីនោះឱ្យលោក គង់ គាំ ធ្វើជាកម្មសិទ្ធិឯកជ ននោះទេ ហើយផ្ទះ និងដីនោះ នៅតែជាកម្មសិទ្ធិរបស់ក្រសួងការបរទេសដដែល។ រាល់ការរៀបចំឯកសារនានារបស់លោក គង់ គាំ ដើម្បីធ្វើបណ្ណកម្មសិទ្ធិលើដីនេះ គឺជាការក្លែងបន្លំយកដី និងផ្ទះរបស់រដ្ឋ ធ្វើជាកម្មសិទ្ធិឯកជន។ ខ្លឹមសារដែលលោក គង់ គាំ បានរៀបរាប់ក្នុងលិខិតបំភ្លឺរបស់ខ្លួនផ្ញើទៅហ្រ្វេសញ៉ូ ដើម្បីផ្សព្វផ្សាយ គឺជាភស្តុតាងមិនអាចប្រកែកបាន ដែលលោក គង់ គាំ បានទទួលស្គាល់ចំពោះរឿងនេះ។ ដូចនេះតាមផ្លូវច្បាប់ផ្ទះ និងដីនោះ នៅតែជាកម្មសិទ្ធិរបស់ក្រសួងការបរទេស ហើយវាដល់ពេលដែលក្រសួងការបរទេស មានតម្រូវការយកផ្ទះ និងដីនោះ ត្រឡប់មកវិញ ដើម្បីចាត់ចែងប្រើប្រាស់បម្រើឱ្យកិច្ចការរបស់ក្រសួង៕