ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំអន្តរក្រសួង ពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពការស្ថាបនាច្រាំងទន្លេតាមបណ្តោយព្រំដែនប្រទេសកម្ពុជា-វៀតណាម

នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ ពិភាក្សា និងផ្តល់យោបល់ លើការស្ថាបនាច្រាំងទន្លេដើម្បីការពារបង្គោលព្រំដែននៅតាមបណ្តោយព្រំដែនប្រទេសកម្ពុជា-វៀតណាម នៅក្នុងទឹកដីខេត្តកណ្តាល ដំណាក់កាលទី២ ដោយមានការអញ្ជើញចូលរួមពី តំណាង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងរ៉ែ និងថាមពល ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អាជ្ញាធរជាតិទន្លេសាប គណៈកម្មាធិការទន្លេមេគង្គ អគ្គស្នងការដ្ឋាននគរបាលជាតិ និងរដ្ឋបាលខេត្តកណ្តាល ព្រមទាំងមន្ត្រីពាក់ព័ន្ធផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តម ឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះជាកិច្ចប្រជុំលើកទី៧ ដើម្បីជជែកពិភាក្សាលើវឌ្ឍនភាព នូវផែនការលើការសាងសង់សំណង់រឹង រក្សាស្ថេរភាពច្រាំងទន្លេរ នៅតាមបណ្តោយព្រំដែនប្រទេសកម្ពុជា-វៀតណាម នៅក្នុងទឹកដីខេត្តកណ្តាល ដំណាក់កាលទី២ ស្ថិតក្នុងភូមិ ព្រែកជ្រៃ ឃុំព្រែកជ្រៃ ស្រុកកោះធំ។
ឯកឧត្តម ឡាំ ជា មានប្រសាសន៍បន្តថា កិច្ចប្រជុំនេះមានគោលបំណងធំៗចំនួន៣ គឺ ទី១.ពិនិត្យវឌ្ឍនភាពច្រាំងទន្លេដើម្បីការពារបង្គោលព្រំដែន ស្ថិតក្នុងភូមិព្រែកជ្រៃ ឃុំព្រែកជ្រៃ ស្រុកកោះធំ, ទី២.ជជែកពិភាកក្សា ការត្រៀមលក្ខណៈនៅក្នុងការជួបជាមួយក្រុមការងារថ្នាក់ជាតិរបស់ភាគីវៀតណាម ជាមួយក្រុមការងារអន្តរក្រសួង និង ទី៣.ពិនិត្យលើបញ្ហាប្រឈម និងសំណូមពរ ពិសេសលើការងារបច្ចេកទេសលើការសាងសង់សំណង់ការពារច្រាំងទន្លេ។
សូមបញ្ជាក់ថា ការសាងសង់ទប់ច្រាំងទន្លេបាសាក់ នៅស្រុកកោះធំ ជាប់ព្រំដែនវៀតណាម មានប្រវែងប្រមាណជាង១២០០ម៉ែត្រ ដោយមាន២ដំណាក់កាល គឺដំណាក់កាលទី១ សាងសង់ច្រាំងការពារបណ្តោះអាសន្ន ប្រវែង ១៥០ម៉ែត្រ ដោយប្រើវិធីសាស្រ្តបូមខ្សាច់ច្រកបាវ ជីអូ (Geo Bag) ទ្រាប់ការពារជើងក្រោមមាត់ ច្រាំងទន្លេ រហូតដល់ផ្នែកខាងលើ ដើម្បីការពារក្នុងការបញ្ជៀស និងកាត់បន្ថយចរន្តទឹកផ្នែកខាងក្រោមបាតទន្លេ មកបុកស៊ីតាមមាត់ច្រាំងទន្លេ។ ដំណាក់កាលទីពីរ មានប្រវែង ១,១៤០ម៉ែត្រ៕
ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
nmr