ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

ឯកឧត្តម ហ៊ុន ម៉ានី វាយបកទៅទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៊ី ប្រកបដោយសីលធម៌ ប៉ុន្តែមានន័យចាក់ដោតទាក់ទងនឹងមរណភាពម្តាយមីងរបស់ឯកឧត្តម

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលហៅកាត់ថា ស ស យ ក បានវាយបកទៅទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្សី យ៉ាងសក្តិសមជាអ្នកដឹកនាំជំនាន់ក្រោយដែលមានសេចក្តីថ្លៃថ្នូរ និងសីលធម៌ ពោរពេញទៅដោយសមត្ថភាពរបស់គណបក្សប្រជាជនកម្ពុជា បន្ទាប់ពីទណ្ឌិតក្បត់ជាតិ រត់ចោលស្រុករូបនេះបានសរសេរលើបណ្តាញសង្គមហ្វេសបុកម៉ាក់ងាយ បំភ្លៃការពិតក្រោយពីម្តាយមីងរបស់ឯកឧត្តម គឺ លោកជំទាវ ប៊ុន សុថា ទទួលមរណភាពកាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣កន្លងទៅនេះ។
ឯកឧត្តមបាន ហ៊ុន ម៉ានី បានសរសេរនៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ដោយភ្ជាប់ជាមួយនិងរូបថតពីរសន្លឹក ដែលឯកឧត្តមដឹកនាំក្រុមការងារទៅ គោរពវិញ្ញាណក្ខន្ធ ម្តាយបង្កើតលោកស្រី ជូឡុង សូម៉ូរ៉ា ដែលត្រូវជាភរិយារបស់ជនក្បត់ជាតិ សម រង្ស៊ី កាលពីកន្លងទៅនោះ និងរូបស្គ្រិនសតរបស់ទណ្ឌិតដែលបានបំភ្លៃពីការពិតថា «ពេលគ្រួសារគេមានទុក្ខ ដោយឯកឧត្តមសំដៅទៅលើជនក្បត់ជាតិបីជំនាន់ សម រង្ស៊ី ហើយថា «ខ្ញុំតំណាងឲ្យគ្រួសារខ្ញុំ ចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែក ទុក្ខ។ តែពេលក្រុមគ្រួសារខ្ញុំមានទុក្ខ គេប្រមាថ និងយកចំណេញនយោបាយ»។
ជាមួយគ្នានោះដែរ ឯកឧត្តមហ៊ុន ម៉ានី ក៏បានលើកឡើងផងដែរថា វប្បធម៌ សីលធម៌ សាសនា និង ទំនៀមទម្លាប់ប្រពៃណី ជាអ្វីដែលក្រុមគ្រួសារឯកឧត្តម ប្រកាន់ខ្ជាប់ មិនមែនអ្វីៗសុទ្ធតែនយោបាយនោះទេ ខណៈដែលទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៊ី លើកឡើងទាក់ទងនឹងម្តាយមីងរបស់ឯកឧត្តម ហ៊ុន ម៉ានី ដែលបានទទួលមរណភាពនោះ ត្រូវបានគេចាត់ទុកថាជាទង្វើគ្មានសីលធម៌ បុគ្គលពាល និង មិនសមជាអ្នកចេះដឹងផង។
កាយវិការឆ្លើយតបប្រកបដោយសីលធម៌របស់ឯកឧត្តម ហ៊ុន ម៉ានី ដែលជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺរបស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដឹកនាំរាជរដ្ឋាភិបាលនេះ ត្រូវបានគេមើលឃើញថា ឯកឧត្តមសក្តិសមជាអ្នកដឹកនាំជំនាន់ក្រោយដែលពោរពេញដោយសមត្ថភាព មានសីលធម៌ សុជីវធម៌ និងសេចក្តីថ្លៃថ្នូរ ដោយឯកឧត្តមបានឆ្លើយតបទៅទណ្ឌិត សម រង្ស៊ីវិញ ដោយមានសីលធម៌ ប៉ុន្តែពោរពេញទៅដោយន័យចាក់ដោត ក្នុងពេលដែលអ្វីដែលទណ្ឌិត សម រង្ស៊ី បានសរសេរនៅពេលនេះ គឺបានបង្ហាញថា ទណ្ឌិតរូបនេះ គឺជាអ្នកនយោបាយចាស់តែវស្សា ប៉ុន្តែគ្មានសីលធម៌ក្នុងខ្លួន ដែលមិនសមកើតជាកូនខ្មែរទាល់តែសោះ។
យ៉ាងណាក៏ដោយ បន្ថែមលើអ្វីដែលឯកឧត្តម ហ៊ុន ម៉ានី បានសរសេរបង្ហោះនៅក្នុងហ្វេសប៊ុករបស់ឯកឧត្តមដើម្បីឆ្លើយតបចំពោះការវាយប្រហារលើម្តាយមីងរបស់ឯកឧត្តម គឺលោកជំទាវ ប៊ុន សុថា ដែលបានទទួលមរណភាពទៅហើយនោះ ក៏មានអ្នកចូលមកខាំមិនជាច្រើន ដោយអ្នកខ្លះសរសេរថា ក្រុម សម រង្ស៊ី គឺជាក្រុម អមនុស្ស ក្រុមអសីលធម៌ មិនគួរណា កើតជាជាតិខ្មែរ នោះទេ, ចំណែកគណនីយហ្វេសប៊ុកមួយទៀតឈ្មោះ ដុង ម៉ៅ បានខាំមិនថា ជនក្បត់ជាតិ៣ជំនាន់គ្មានសីលធម៌ និងវប្បធម៌ក្នុងខ្លួនទេ, ហ្វេសប៊ុកឈ្មោះ ស ជីង បានសរសេរផងដែរថា លោកពូចាស់ហើយ នៅតែកែមិនឡើង គ្មានលក្ខណៈចាស់ទុំខាងផ្នែកនយោបាយ និងគ្មានភាពចាស់ទុំផ្នែកការទូតអីបន្តិចសោះ គ្រាន់តែជាបុគ្គលឈ្លាតឱកាស គេជួបទុក្ខ ពិតជាមិនសមជាអ្នកដឹកនាំអីបន្តិចសោះ…។ ហ្វេសប៊ុកឈ្មោះ ឆេង សុវណ្ណ បានឆ្លៀតដៀលទណ្ឌិត សម រង្ស៊ី តាមរយៈខាំមិនរបស់ខ្លួនថា ការឆ្លៀតឱកាសកេញចំណេញយកផលប្រយោជន៍ដោយមិនគិតពីកាលៈទេសៈ ការបំពាន និងប្រមាថដល់អ្នកដទៃ ពិតជាបានឆ្លុះបញ្ចាំងពីកម្រិតនៃគុណធម៌ សីលធម៌ និងសេចក្ដីថ្លៃថ្នូររបស់បុគ្គល ដែលសកម្មភាពនេះមិនអាចទទួលយកបាន ហើយក៏មិនគួរកើតមាននោះឡើយ ចំណែកអ្នកផ្សេងទៀតបានសរសេរថា មនុស្សធម៍ សីលធម៍ និង សច្ចៈធម៍ ក្រុម លោក សមរង្សី ត្រូវបានសំគាល់ថាធ្លាក់ចុះ គ្មានសារជាតិជាមនុស្ស.. នយោបាយប្រឆាំងលុះក្ស័យ៕
nmr