ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

រយៈពេល៥ខែ ការផាកពិន័យតាមរយៈការដកពិន្ទុបើកបរមានជិត ៤ម៉ឺនករណី

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ឲ្យដឹងថា ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ ក្រសួងសាធារណការ បានសហការជាមួយនិងក្រសួងមហាផ្ទៃ ក្នុងការដាក់ឲ្យប្រើប្រាស់ការដកពិន្ទុអ្នកបើកបរដែលប្រើប្រាស់ផ្លូវថ្នល់។ បើតាមលោករដ្ឋមន្ត្រី ចាប់តាំងពីការដាក់ឲ្យប្រើប្រាស់កាលពីខែកញ្ញា ឆ្នាំ២០២២ រហូតមកដល់ថ្ងៃនេះ ពោលគឺមានរយៈពេល ៥ខែកន្លងមកនេះ បានផាកពិន័យទៅលើអ្នកល្មើសច្បាប់ចរាចរណ៍មានចំនួនជិត ៤ម៉ឺននាក់។ លោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថ្លែងដូច្នេះ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ នៃក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។
ទោះយ៉ាងណា លោករដ្ឋមន្ត្រីបញ្ជាក់ថា ចំនួនមនុស្សស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅតែមានការកើនឡើងដដែល បើទោះបីក្រសួងពាក់ព័ន្ធបានខិតខំដាក់ចេញផែនការយុទ្ធសាស្ត្រថ្មីៗដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ក្តី។ ជាក់ស្តែងក្នុងឆ្នាំ២០២២ កន្លងទៅនេះ ករណីគ្រោះថ្នាក់ចរាចរណ៍បានបណ្តាលឲ្យមនុស្សស្លាប់ជាមធ្យមក្នុងមួយថ្ងៃមាន ៤,៦៨% លើផែនការ ៤,៥០%។
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ បានដាក់ឲ្យសាកល្បងការដកពិន្ទុលើបណ្ណបើកបរចំពោះអ្នកបើកបរល្មើសច្បាប់ចរាចរណ៍តាមកម្មវិធីទូរសព្ទដៃ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងពង្រឹងការអនុវត្តច្បាប់ចរាចរណ៍នៅកម្ពុជា ហើយត្រូវបានអនុវត្តជាផ្លូវការចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ តទៅ។ ការដាក់ឱ្យដំណើរការនូវកម្មវិធីដកពិន្ទុបណ្ណបើកបរ និងការបង់ប្រាក់ពិន័យចំពោះអំពើល្មើសច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកនេះ ត្រូវបានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបញ្ជាក់ថា ធ្វើឡើងក្នុងគោលបំណងបង្កើនប្រសិទ្ធភាពនៃការរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឲ្យបានជាអតិបរិមា ក៏ដូចជាបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋក្នុងការបង់ប្រាក់ពិន័យល្មើសច្បាប់។
តាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកបានកំណត់ឱ្យគ្រប់បណ្ណបើកបរត្រូវមាន ពិន្ទុសរុប១២ពិន្ទុ។ ក្នុងករណីម្ចាស់បណ្ណបើកបរណាបានប្រព្រឹត្តបទល្មើសចរាចរណ៍នឹងត្រូវកាត់ ១ពិន្ធុ ដល់៦ពិន្ទុ។ ប្រសិនម្ចាស់បណ្ណបើកបរត្រូវបានកាត់អស់ពិន្ទុ បណ្ណបើកបររបស់ពួកគេនឹងអស់សុពលភាព។ ប៉ុន្តែករណីដែលពួកគេចង់បានបណ្ណបើកបរថ្មី គឺពួកគេត្រូវតែប្រឡងយកបណ្ណបើកបរឡើងវិញត្រឹមរយៈពេលយ៉ាងតិច ៦ខែ។
គណៈកម្មាធិកាជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានឱ្យដឹងថា ក្នុងឆ្នាំ២០២២ ករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស បានកើនឡើង ១៤ភាគរយ បើធៀបនឹងឆ្នាំ២០២១។ ក្នុងនោះករណីគ្រោះថ្នាក់ចរាចរណ៍មានជិត ៣ពាន់ករណី និងបណ្តាលឱ្យមានមនុស្សស្លាប់មានជាង ១៧០០នាក់ ខណៈអ្នករងរបួសវិញមានជាង ៤ពាន់នាក់។ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកឲ្យដឹងទៀតថា ក្នុងចំណោមបទល្មើសចរាចរណ៍ជិត ៣ពាន់ករណីខាងលើ ជនល្មើសចំនួន ៣១៦នាក់ត្រូវបានបញ្ចូនទៅកាន់តុលាការ៕
nmr