ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

អង្គរសង្ក្រាន្តឆ្នាំ២០២៣៖ រាំចង្វាក់ម៉ាឌីហ្សូន និងបត់រូបបេះដូង ជាវិញ្ញាសារដែលត្រូវបំបែកកំណត់ត្រាពិភពលោក !

ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣ ខាងមុខនេះ វិញ្ញាសារចំនួន២ ដែលត្រូវយកមកបំបែកកំណត់ត្រាពិភពលោក គឺការរាំចង្វាក់ម៉ាឌីហ្សូន និងបត់ក្រដាសជារូបបេះដូង(Beyond the Games) នឹងត្រូវប្រារព្ធឡើង ដើម្បីបង្ហាញដល់សាធារណជន និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ។
ប្រធានក្រុមការងារផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណ: នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឯកឧត្តម សោម រតនា បានឲ្យដឹងថា ក្រុមយុវជនស្ម័គ្រចិត្តរបស់សហភាពសហព័ន្ធយុវជនកម្ពុជា បានត្រៀមខ្លួននៅក្នុងការចូលរួមបំបែកកំណត់ត្រាពិភពលោកចំនួន ២វិញ្ញាសារ គឺការរាំម៉ាឌីហ្សូន និងបត់រូបបេះដូង ។ ឯកឧត្តម បានឲ្យដឹងថា កាលពីឆ្នាំ២០១៥ កម្ពុជាបានបំបែកកំណត់ត្រាពិភពលោកលើការរាំចង្វាក់ម៉ាឌីហ្សូនម្តងរួចមកហើយ ដែលកាលនោះមានយុវជនចំនួន ២,០១៥នាក់បានស្ម័គ្រចូលរួមបំបែកកំណត់ត្រានេះ ហើយសម្រាប់ឆ្នាំនេះគេរំពឹងថា នឹងមានយុវជនចំនួន ៣ពាន់នាក់ចូលរួម។ ឯកឧត្តម បន្តថា សម្រាប់ការបត់រូបបេះដូង កម្ពុជារំពឹងថា នឹងមានអ្នកចូលរួមបត់រូបបេះដូងនេះបាន ១លានបេះដូង។
ឯកឧត្តម សោម រតនា បានឲ្យដឹងបែបនេះនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងជំរុញបន្តផ្សព្វផ្សាយអំពីព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣ កាលពីថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២៣ នៅក្រុងសៀមរាប។ ឯកឧត្តម សោម រតនា ឲ្យដឹងបន្ថែមថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តគម្រប់ខួប ១០ឆ្នាំនេះ បានធ្វើឡើងក្រោមប្រធានបទ “ក្តីស្រមៃ និងក្តីសង្ឃឹម” ហើយព្រឹត្តិការណ៍នេះ មានគោលដៅបង្កើនភាពសម្បាយរីករាយដល់មហាគ្រួសារខ្មែរ ដោយមិនប្រកាន់និន្នាការនយោបាយ ឬសាសនា ពណ៌សម្បុរ អ្វីទាំងអស់។ ជាមួយគ្នានេះ ព្រឹត្តិការណ៍នេះ ក៏បានគាស់រំលើងនូវល្បែងល្បាំប្រជាប្រិយខ្មែរនានា ដែលធ្លាប់មានពីមុនមកឲ្យយុវជនជំនាន់ក្រោយបានស្គាល់។ ក្រៅពីនេះ ព្រឹត្តិការណ៍អង្គរសង្ក្រាន្តក៏នឹងនាំចំណូលជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាបផងដែរ៕
nmr