ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

កម្ពុជា ជាប្រទេសឈានមុខក្នុងការអនុវត្តកម្មវិធីការងារសមរម្យ

ភ្នំពេញ ÷ ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លេីកឡេីងថា យើងពិតជាមានមោទកភាពដែលកម្ពុជា ជាប្រទេសឈានមុខ ក្នុងការអនុវត្តកម្មវិធីការងារសមរម្យដែលរហូតមកដល់ពេលនេះបានចំនួន៥ ដំណាក់កាលរួចមកហើយ សម្រាប់កម្មវិធីឆ្នាំ២០១៩-២០២៣ ដែលគោលដៅអាទិភាពសំខាន់ៗ ក្នុងការសម្រេចបានលទ្ធផលគួរជាទីមោទន: ដូចជា ការអភិវឌ្ឍមុខរបរ និងការងារ និងសហគ្រាស, ការពង្រឹង និងពង្រីកកិច្ចគាំពារសង្គមនិងការធ្វើឱ្យប្រសើរឡើងទំនាក់ទំនងវិជ្ជាជីវៈ និងសិទ្ធិការងារ។

នៅក្នុងពិធីបើកសិក្ខាសាលាត្រីភាគី ស្ដីពីការត្រួតពិនិត្យប្រចាំឆ្នាំលើកម្មវិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជាឆ្នាំ២០១៩-២០២៣ នាព្រឹកថ្ងៃទី២៩ មីនា ឆ្នាំ២០២៣នេះ នៅចំពោះមុខតំណាងក្រសួង-ស្ថាប័ន្ធពាក់ព័ន្ធ តំណាងនិយោជក តំណាងសហជីព និងតំណាងអង្គការអន្តរជាតិខាងការងារ (ILO) ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានមានប្រសាសន៍ថា គោលបំណងសំខាន់នៃសិក្ខាសាលានេះ ដេីម្បីពិនិត្យមើលសមិទ្ធផលសំខាន់ៗនៃការអនុវត្តកម្មវិធីការងារសមរម្យសម្រាប់កម្ពុជា ក្នុងឆ្នាំ២០២២, ការបង្ហាញអំពីចំណុចអាទិភាពសម្រាប់ឆ្នាំ២០២៣ និងការលើកកម្ពស់ការយល់ដឹងអំពីដំណើរការអភិវឌ្ឍកម្មវិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជា និងការពិនិត្យអនុម័តលើសេចក្តីព្រាងផែនទីបង្ហាញផ្លូវសម្រាប់ការរៀបចំកម្មវិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជាសម្រាប់ឆ្នាំ២០២៤-២០២៨។

នាឱកាសនោះឯកឧត្តមរដ្ឋមន្រ្តី បានសំដែងនូវអំណរគុណចំពោះគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសអង្គការអន្តរជាតិខាងការងារដែលបានរួមចំណែកខិតខំប្រឹងប្រែងសម្រេចបាននូវលទ្ធផលជាផ្លែផ្កា គួរជាទីមោទនៈដល់ការអភិវឌ្ឍន៍រីកចម្រើនសេដ្ឋកិច្ច សង្គមកម្ពុជា និងបានផ្តល់ការការពារសិទ្ធិ អត្ថប្រយោជន៍ និងកិច្ចគាំពារ រួមទាំងការផ្តល់នូវសេវានានាជូនប្រជាពលរដ្ឋ និយោជក បងប្អូនកម្មករនិយោជិតទាំងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងបងប្អូនពលករខ្មែរនៅក្រៅប្រទេស កាន់តែប្រសើរ និងកាន់តែមានប្រសិទ្ធភាពខ្ពស់សំដៅធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងារ សិទ្ធិសេរីភាពអង្គការវិជ្ជាជីវ: សុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ ជំនាញវិជ្ជាជីវៈ មុខរបរ និងការងារ និងកិច្ចគាំពារសង្គម ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការស្តារឡើងវិញ និងបង្កើនល្បឿននៃការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២៣ ដែលរំពឹងថានឹងមានកំណើន ៥,៦%។

គួរបញ្ជាក់ថា កម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជាឆ្នាំ២០១៩-២០២៣ ក៏បានចូលរួមគាំទ្រនូវការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដែលជារបៀបវារៈគោលនយោបាយសេដ្ឋកិច្ចសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា នៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ២០១៩-២០២៣ និងបានគាំទ្រដល់ការចូលរួមអនុវត្តគោលនយោបាយជាតិសំខាន់ៗទៀត រួមមាន គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ (IDP) គោលនយោបាយជាតិស្ដីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥ (NEP) ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គមឆ្នាំ២០១៦-២០២៥ និងក្របខណ្ឌគោលដៅអភិវឌ្ឍន៍ដោយចីរភាពរបស់កម្ពុជាឆ្នាំ២០១៦-២០៣០ផងដែរ ដែលរួមគ្នាផ្តល់នូវក្របខណ្ឌគោលនយោបាយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសកម្ពុជានៅទសវត្ស៍បន្ទាប់។ អ្វីដែលសំខាន់នោះ គឺការផ្សារភ្ជាប់កម្មវិធីការងារសមរម្យជាមួយនឹងរបៀបវារៈនៃគោលដៅអភិវឌ្ឍន៍ដោយចីរភាពឆ្នាំ២០៣០ ដើម្បីជួយប្រទេសកម្ពុជាក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ដែលពាក់ព័ន្ធ៕

nmr