ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំអន្តរក្រសួង ពិភាក្សាដោះស្រាយបញ្ហាពលករចំណាកស្រុក

នារសៀលថ្ងៃចន្ទទី៣ ខែមេសា ឆ្នាំ២០២៣ ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាដោះស្រាយសម្រាប់ពលករដែលបានស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ដោយពុំមានឯកសារ និងហួសសុពលភាពនៃឯកសារច្បាប់អនុញ្ញាត ក្រោមអធិបតីភាព លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើរជួញដូរមនុស្ស គ.ជ.ប.ជ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គលេខាធិការរង អគ្គនាយករង អគ្គស្នងការរង​ ប្រធាននាយកដ្ឋាននៃក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងមន្ត្រីជំនាញ ច្រើនរូបផងដែរ។
ជាកិច្ចចាប់ផ្តើមនៃអង្គប្រជុំ លោកជំទាវ ជូ ប៊ុនអេង មានប្រសាសន៍ឱ្យដឹងថា កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលថៃ បានដាក់ចេញការអនុញ្ញាតឱ្យពលករណាដែលបានដាក់ពាក្យស្នើសុំស្នាក់នៅ និងធ្វើការក្នុងប្រទេសថៃ ក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០២៣ នឹងអាចពន្យាសុពលភាព ត្រឹមថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ករណីហួសពីរយៈពេលនៃការកំណត់នេះ​ ពលករ និយោជក​ ទាំងអស់នឹងត្រូវផាកពិន័យ ឬអនុវត្តន៍តាមច្បាប់អន្តោប្រវេសន៍ និងច្បាប់ការងារនៃប្រទេសថៃ។ ក្នុងដំណាក់កាលនេះ អាជ្ញាធរថៃ បានស្នើសុំឱ្យរាជរដ្ឋាភិបាលកម្ពុជាបញ្ជូនក្រុមការងារ ទៅប្រមូលទិន្នន័យ និងផ្តល់អត្តសញ្ញាណជូនពលករកម្ពុជា។
ក្រោយកិច្ចប្រជុំ លោកជំទាវ បានថ្លែងអំណរគុណដល់សមាជិកនៃអង្គប្រជុំដែលមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលបានផ្តល់ធាតុចូលសំខាន់ៗ​ ដើម្បីដោះស្រាយបញ្ហាពលករដែលកំពុងស្នាក់នៅ និងធ្វើការក្នុងប្រទេសថៃដោយពុំមានឯកសារ និងហួសសុពលភាពនៃឯកសារច្បាប់អនុញ្ញាត ដើម្បីរកដំណោះស្រាយសមស្របមួយដែលមានភាពច្បាស់លាស់ និងអនុវត្តប្រកបដោយប្រសិទ្ធភាព៕
ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
nmr