ភ្នំពេញ ៖ អគ្គនាយកដ្ឋានកិច្ចការសាសនា នៃក្រសួងធម្មការ និងសាសនា នារសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣នេះ បានបើកវគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ ជំនាន់ទី៤១។
បើតាមឯកឧត្តម ស៊ិន សុវណ្ណនិ អគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការសាសនា បានឲ្យដឹងថា អនុសាសន៍ណែនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងអំពីបញ្ហានានា ដូចជាៈ វិបត្តិអាចារ្យខ្មែរ, អតីតកាល ប្រទេសកម្ពុជា ជួបប្រទះ នឹងសឹកសង្គ្រាម បណ្តាលឱ្យទំនៀមទម្លាប់ ប្រពៃណី និងវប្បធម៌ខ្មែរ ជួបនូវវិបត្តិផងដែរ។ ម្យ៉ាងវិញទៀត សម្តេចតេជោ បានបញ្ជាក់ជាថ្មីម្តងទៀតនៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ កន្លងទៅនេះថាៈ អាចារ្យ អាចារិនី ត្រូវរួមសហការគ្នាជាមួយគណៈសង្ឃ និងអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ បំពេញភារកិច្ចឱ្យបានល្អប្រសើរតាមតួនាទី និងតាមបទដ្ឋានគតិយុត្តនានា ដើម្បីរួមចំណែកទ្រទ្រង់ព្រះពុទ្ឋសាសនា ដែលជាមូលដ្ឋានដ៏មានសារៈសំខាន់ក្នុងការអភិវឌ្ឍសង្គមជាតិ។ បន្ទាប់ពីទទួលបានអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្រសួងធម្មការ និងសាសនា បានខិតខំស្វែងរកធនធានចាស់ព្រឹទ្ធាចារ្យ និងអាចារ្យដែលមានសមត្ថភាព ចំណេះដឹង បទពិសោធន៍ជ្រៅជ្រះ អាចចងចាំច្បាស់លាស់នូវពិធីកម្មនានា ដើម្បីរៀបចំឯកសារកម្មវិធីតាមលំដាប់លំដោយ និងមានការឯកភាពគ្នា តាមរយៈការពិគ្រោះលើឯកសារនានា ផ្លាស់ប្ដូរចំណេះដឹង និងបទពិសោធន៍គា្នទៅ វិញទៅមកលើទម្រង់ពិធីកម្មផ្សេងៗ ដែលកប់នៅតាមមូលដ្ឋាននានា នៃព្រះរាជាណាចក្រកម្ពុជា។ ជាលទ្ឋផលដ៏ប្រសើរបំផុត ចាប់ពីឆ្នាំ២០១០ រហូតដល់បច្ចុប្បន្ននេះ នាយកដ្ឋានស្រាវជ្រាវ ផ្សព្វផ្សាយពុទ្ឋសាសនាផ្សារភ្ជាប់សង្គម ចំណុះអគ្គនាយកដ្ឋានកិច្ចការសាសនា នៃក្រសួងធម្មការ និងសាសនា បានសម្របសម្រួល និងរៀបចំវគ្គបណ្តុះបណ្តាលស្តីពី តួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ បានចំនួន ៤០វគ្គ ដែលមានសិក្ខាកាមសរុបចំនួន ១១.៥៧៣រូប ក្នុងនោះមានព្រះសង្ឃចំនួន ៧៤៦ អង្គ, ស្ត្រី ១៦៣រូប បានចូលរួម ដែលវគ្គនីមួយៗ បានប្រព្រឹត្តទៅរយៈពេល០៥ថ្ងៃ។ ជាងនេះទៅទៀត ក្រសួងធម្មការ និងសាសនា បានរៀបចំកម្មវិធីសំណេះសំណាលជាមួយអាចារ្យ-អាចារិនីខ្មែរទូទាំងប្រទេស បានចំនួន ០៨លើក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំកំពូលជាតិរួមមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចូលរួមដោយផ្ទាល់ផង និងសម្ដេចកិតិ្តសង្គហបណ្ឌិត ម៉ែន សំអន ព្រមទាំងឯកឧត្តម ឈិត សុខុន បានចូលរួមជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោនាយករដ្ឋមន្ត្រី ផងដែរ។
ឯកឧត្តម បានឲ្យដឹងទៀតថា ដោយទទួលបានគោលការណ៍ អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា អនុញ្ញាតដាក់ឱ្យដំណើរការបើកវគ្គបណ្តុះបណ្តាលជំនាន់ទី ៤១បន្តទៀត សំដៅបញ្ជ្រាបបន្ថែមចំណេះដឹង និងតម្រង់ទិសផ្សព្វផ្សាយជូនដល់លោកអាចារ្យ អ្នកដឹកនាំពិធីកម្មនានា ទាំងផ្នែកសាសនពិធី ក៏ដូចជាពិធីប្រពៃណី ទំនៀមទម្លាប់ជាតិ ។ កម្មវិធីបណ្តុះបណ្តាលនេះ នឹងប្រព្រឹត្តទៅដោយមិនគិតថ្លៃ មានរយៈពេល ០៥ ថ្ងៃ ចាប់ពីថ្ងៃទី២២ រហូតដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣។ វគ្គបណ្តុះបណ្តាលនេះ មានសិក្ខាកាមចូលរួមចំនួន ១៨៥ អង្គ/នាក់, ព្រះសង្ឃចំនួន ២៣ អង្គ, ស្ត្រី ០១ នាក់ មកពីរាជធានី/ខេត្តចំនួន ២៥ ទូទាំងប្រទេសកម្ពុជា ដែលមានជំនាញខុសៗគ្នា ដូចជាៈ អាចារ្យកាន់ពេលាការចំនួន ៤៤នាក់ អាចារ្យយោគី ចំនួន ៣២នាក់ អាចារ្យសម្រាប់វត្ត ៧០នាក់ និងគណៈកម្មការវត្ត ចំនួន ១២នាក់។ ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាល នឹងមានរៀបចំពិធីចែក វិញ្ញាបនបត្រ បញ្ជាក់ការសិក្សា ជូនដល់សិក្ខាកាមទាំង ១៨៥ អង្គ/នាក់ផងដែរ។
នាឱកាសនោះឯកឧត្តមបណ្ដិត សេង សុមុនី រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឈិត សុខុន រដ្ឋមន្រី្តក្រសួងធម្មការ និងសាសនា បានថ្លែងថា កម្ពុជា ជាប្រទេសមួយដែលមានវប្បធម៌ និងប្រពៃណី ទំនៀមទម្លាប់សម្បូរបែប ហើយជាជនជាតិមួយដែលមានវ័យចំណាស់យូរលង់ណាស់មកហើយក្នុងតំបន់អាស៊ីអាគ្នេយ៍។ ហេតុនេះ ទើបយើងសង្កេតឃើញថា រាល់ទង្វើជាសកម្មភាពទាំងឡាយ ក្នុងទម្រង់ប្រពៃណី ទំនៀមទម្លាប់ខ្មែរ តែងតែមានបែបបទជាច្រើន និងបង្កប់ដោយអត្ថន័យទស្សនវិជ្ជាយ៉ាងជ្រាលជ ក្នុងស្មារតីនេះ ក្នុងនាមក្រសួងធម្មការ និងសាសនា និងឯកឧត្តម ផ្ទាល់ សូម សំណូមពរសិក្ខាកាមអាចារ្យ ដែលបានចូលរួមវគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី៤១នេះ ត្រូវខិតខំត្រងត្រាប់ស្តាប់នូវបទឧទ្ទេសនាមពីសំណាក់ ព្រះឧទ្ទេសាចារ្យ ឧទ្ទេសាចារ្យ ហើយបន្តលើកកម្ពស់ និងពង្រឹងការប្រតិបត្តិឱ្យបានខ្ជាប់ខ្ជួន តាមក្បួនខ្នាត៕ ដោយ ៖ រដ្ឋា