ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

ស្ទាក់ចាប់បានរថយន្ត ០២គ្រឿង ដឹកស៊ុតមាន់-ទា ជាង០៦ម៉ឺនគ្រាប់ ដែលនាំចូលពីប្រទេសវៀតណាម ដោយខុសច្បាប់ គ្មានលិខិតអនុញ្ញាត

ភ្នំពេញ ៖ យោងតាម លោក ហ៊ុន សារ៉ាត់ អនុប្រធាននាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណៈបសុព្យាបាល នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣នេះ បានអោយដឹងថា ដោយមានការបញ្ជាផ្ទាល់ពីលោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ឲ្យក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ចុះស្ទាក់ចាប់រថយន្ត ២គ្រឿង ដឹកស៊ុតមាន់ និងស៊ុតទា បាន ២ករណី រួមមាន ៖
ករណីទី១- នៅវេលាម៉ោ១៦និង០២នាទី នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ឃាត់ចាប់រថយន្ត០១គ្រឿង ម៉ាក SSANGYONG ISTANA ជាប្រភេទរថយន្តដឹកអ្នកដំណើ១៥កៅអី ស្លាកលេខ ភ្នំពេញ 2BN-9343 ពណ៌ស ដឹកស៊ុតសត្វមាន់ និងស៊ុតសត្វទា ចំនួន ២៣,៧០០គ្រាប់ មកពីស្រុកគិរីវង់ ខេត្តតាកែវ ចូលមកលក់ចែកចាយ ក្នុងរាជធានីភ្នំពេញ ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់ ។ ឃាត់ចាប់នៅចំណុចជិតរង្វង់មូលគួរស្រូវ សង្កាត់ព្រែកកំពឹសខណ្ឌដង្កោ រាជធានីភ្នំពេញ។
ករណីទី២- នៅវេលាម៉ោង០៩និង៥០នាទីព្រឹក ថ្ងៃទី១២ ខែកក្កដាឆ្នាំ ២០២៣ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ចុះឃាត់ចាប់រថយន្ត០១គ្រឿង ម៉ាក SSANGYONG ISTANA ជាប្រភេទរថយន្តដឹកអ្នកដំណើ១៥កៅអី ស្លាកលេខភ្នំពេញ 2BQ-9743 ពណ៌សម្បកឪឡឹក ដឹកស៊ុតសត្វមាន់ ចំនួន ៣៧,៥០០គ្រាប់ មកពីប្រទេសវៀតណាម តាមច្រកភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវចូលមកលក់ចែកចាយក្នុងរាជធានីភ្នំពេញ ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។ ឃាត់ចាប់នៅភូមិទួលកី សង្កាត់ពង់ទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ក្រុមការងារបាននាំយកវត្ថុតាង និងបទល្មើស ទាំងពីរនេះ ទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕

   

nmr