មន្ទីរបរិស្ថានខេត្តសៀមរាប បានប្រគល់សត្វអណ្ដើកចំនួន ១១ក្បាល ដែលបានមកពីការបង្ក្រាបបទល្មើស ទៅឱ្យមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) ដើម្បីយកទៅត្រួតពិនិត្យ និងព្យាបាល មុនយកទៅលែងឱ្យរស់នៅក្នុងព្រៃធម្មជាតិ។
លោក ស៊ុន គង់ ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប បានឱ្យដឹងនៅថ្ងៃទី៣១ ខែសីហានេះថា សត្វអណ្ដើតទាំងចំនួន ១១ក្បាលនេះ គឺបានមកពីការបង្ក្រាបបទល្មើសពីក្រុមក្មេងៗអាយុក្រោម ១៦ឆ្នាំ ដែលបានយកសត្វអណ្តើកទៅលក់ឱ្យអាជីករ ឫក៏ភ្ញៀវទេសចរនៅតាមតំបន់ប្រាសាទអង្គរវត្ត។ លោកបន្តថា នៅក្នុងចំណោមសត្វអណ្ដើកទាំងចំនួន ១១ក្បាលនេះ ក្នុងនោះមានមួយប្រភេទមិនមែនជាប្រភេទសត្វអណ្ដើកនៅក្នុងស្រុកនោះទេ។
លោកបញ្ជាក់ថា៖ «អ៊ីចឹង!សត្វអណ្ដើកដែលយើងបានពីការបង្ក្រាបបទល្មើសទាំងនេះ គឺយកទៅឱ្យអង្គការ ACCB យកទៅថែរក្សា និងព្យាបាលវាឱ្យមានសុខភាពល្អ ដើម្បីយើងអាចលែងវាឱ្យទៅរស់នៅក្នុងព្រៃធម្មជាតិឡើងវិញ ពីព្រោះបើកាលណាវារស់នៅក្នុងព្រៃធម្មជាតិ សត្វអណ្ដើកនឹងមានកំណើនក្នុងការបង្កបង្កើតកូន»។