រាជរដ្ឋាភិបាលចេញគោលនយោបាយបញ្ចុះតម្លៃអគ្គិសនីលើវិស័យឧស្សាហកម្ម ដើម្បីពង្រីកផលិតកម្ម រោងចក្រឱ្យកាន់តែប្រសើរ
តាមរយៈសេចក្ដីប្រកាសរបស់ក្រសួងរ៉ែ និងថាមពលនាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នេះបានឱ្យដឹងថា រាជរដ្ឋាភិបាលបានសម្រេចដាក់ចេញនូវគោលនយោបាយអនុគ្រោះថ្លៃអគ្គិសនីចំពោះអ្នកប្រើប្រាស់ក្នុងវិស័យឧស្សាហកម្ម។
ការសម្រេចថ្មីរបស់រដ្ឋាភិបាលនេះ ជាការបន្ថែមពីលើគោលនយោបាយកន្លងទៅ ដែលអនុគ្រោះថ្លៃអគ្គិសនីលើប្រជាកសិករ ដែលប្រើប្រាស់ភ្លើងអគ្គិសនីនាពេលយប់ ចន្លោះម៉ោង ៩យប់ ដល់ម៉ោង ៧ព្រឹក។ យ៉ាងណាមិញ សេចក្ដីសម្រេចថ្មីនេះគឺធ្វើឡើងក្នុងគោលដៅជំរុញការពង្រីកផលិតកម្មរោងចក្រ និងសហគ្រាស ផ្នែកឧស្សាហកម្ម ផ្នែកកសិកម្ម ដើម្បីបង្កើតការងារ និងប្រាក់ចំណូលជូន ប្រជាពលរដ្ឋ។
ដោយឡែក សម្រាប់ការអនុវត្តជាក់ស្ដែង គឺជាទំនួលខុសត្រូវរបស់ក្រសួងរ៉ែ និងថាមពល អគ្គិសនីកម្ពុជា និងអាជ្ញាធរអគ្គិសនីកម្ពុជា ក្នុងការបញ្ចុះថ្លៃអគ្គិសនីចំពោះបរិមាណអគ្គិសនី ដែលអ្នកប្រើប្រាស់ប្រភេទឧស្សាហកម្ម និងកសិកម្ម ដែលភ្ជាប់ពីបណ្តាញតង់ស្យុងមធ្យម និងតង់ស្យុង ខ្ពស់ ក្នុងក្របខណ្ឌទូទាំងប្រទេស។