លោកស្រី Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា លើកឡើងថា ស្ថានទូតឥណ្ឌា សន្យានឹងជួយពង្រឹងកិច្ចសហប្រតិបត្តិការ គាំទ្រផែនការអាទិភាពរបស់ក្រសួងសុខាភិបាលកម្ពុជា សំដៅជួយលើកកម្ពស់វិស័យសុខភាពសាធារណៈកម្ពុជាបន្ថែមទៀតផងដែរ។
ការសន្យារបស់ឯកអគ្គរដ្ឋទូតឥណ្ឌាបែបនេះ ត្រូវបានធ្វើឡើងតាមរយៈជំនួបពិភាក្សាការងារជាមួយ លោកឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅទីស្តីការក្រសួងសុខាភិបាល កាលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣។
លោកស្រី Devyani Uttam Khobragade បានលើកឡើងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជាទទួលបានសន្តិភាព ស្ថិរភាព នយោបាយ និងកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សប្រកបដោយនិរន្តរភាព។
លោកស្រីបន្តថា៖«ក្នុងនាមស្ថានទូត សន្យាពង្រឹងកិច្ចសហប្រតិបត្តិការ គាំទ្រផែនការអាទិភាពរបស់ក្រសួងសុខាភិបាល ព្រមទាំងជួយពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ឥណ្ឌា លើវិស័យសុខាភិបាល តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារបច្ចេកទេសរបស់ក្រសួងសុខាភិបាលជាដើម»។