ព័ត៌មានថ្មីៗ

ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់នីតិសម្បទាឡើងវិញលោក ប៉ុល ហំម និងលោក ផាន់ ច័ន្ទសាក់

ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់នីតិសម្បទាឡើងវិញឲ្យលោក ប៉ុល ហំម អតីតអនុប្រធានអតីតគណបក្សសង្គ្រោះជាតិ និងលោក ផាន់ ច័ន្ទសាក់ អតីតសមាជិកគណៈកម្មាធិការនាយក ដែលត្រូវបានហាមឃាត់មិនឲ្យធ្វើសកម្មភាពនយោបាយសម្រាប់រយៈពេល ៥ឆ្នាំ តាមអំណាចដីកាលេខ៣៤០ (ឆ) ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ របស់តុលាការកំពូល។ នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១។
លោក ប៉ុល ហំម និងលោក ផាន់ ច័ន្ទសាក់ បានដាក់ពាក្យស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញទៅក្រសួងមហាផ្ទៃកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ អតីតមន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិចំនួន ២៣រូបហើយ ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់នីតិសម្បទាឡើងវិញដែលត្រូវបានហាមឃាត់មិនឲ្យធ្វើសកម្មភាពនយោបាយសម្រាប់រយៈពេល ៥ឆ្នាំ តាមអំណាចសាលដីកាចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ របស់តុលាការកំពូល៕
nmr