ស្របពេលបច្ចេកវិទ្យាថ្មីៗក្នុងវិស័យហិរញ្ញវត្ថុមានការវិវត្តន៍ក្នុងល្បឿនលឿនហួសពីការរំពឹងទុក រាជរដ្ឋាភិបាល បាន និងកំពុងយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុតាមរយៈការដាក់ចេញនូវគោលនយោបាយ យុទ្ធសាស្ត្រ និងផែនទីមគ្គទេសក៍ពាក់ព័ន្ធ ដើម្បីជំរុញសន្ទុះនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា។
យោងតាមគោលនយោបាយអភិវឌ្ឍន៍វិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុឆ្នាំ២០២៣-២០២៨ បានឱ្យដឹងថា វិស័យហិរញ្ញវត្ថុជាវិស័យមួយក្នុងចំណោមវិស័យជាច្រើនដែលទទួលរងឥទ្ធិពលយ៉ាងខ្លាំង ទាំងវិជ្ជមាន និងអវិជ្ជមានពីភាពរីកចម្រើននៃបច្ចេកវិទ្យា ជាពិសេសក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនៃដំណាក់កាលដែលសកលលោកបាន និងកំពុងទទួលរងនូវឥទ្ធិពលនៃបដិវត្តន៍ឧស្សាហកម្មទី៤។
បច្ចេកវិទ្យាដែលបាន និងកំពុងធ្វើបរិវត្តកម្មរបៀបនៃការធ្វើធុរកិច្ច និងការផ្តល់សេវាហិរញ្ញវត្ថុប្រពៃណីធ្វើឱ្យលេចឡើងនូវ “បច្ចេកវិទ្យាហិរញ្ញវត្ថុ” ។