ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

ក្រសួងមហាផ្ទៃ គ្រោងនឹងធ្វើវិសោធនកម្មច្បាប់ ស្តីពី ការបង្រ្កាបល្បែងស៊ីសង ដោយបន្ថែមទោសឱ្យធ្ងន់ជាងច្បាប់ចាស់

មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ក្រសួងគ្រោងនឹងធ្វើវិសោធនកម្មច្បាប់ស្តីពី ការបង្រ្កាបល្បែងស៊ីសងគ្រប់ប្រភេទ ដោយបន្ថែមទោសឱ្យធ្ងន់ជាងច្បាប់ចាស់ ព្រោះច្បាប់ចាស់ទោសបញ្ញាត្តិមានសភាពស្រាល។

 

ថ្លែងនៅក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅបន្តឆ្នាំ២០២៤ នៃការអនុវត្តគោលនយោបាយ«ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ នៅសាលប្រជុំរដ្ឋបាលខេត្តតាកែវ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិកាក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារត្រួតពិនិត្យនិងជំរុញការអនុវត្តគោលនយោបាយ«ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព»ខេត្តតាកែវ មានប្រសាសន៍បន្តទៀតថា ច្បាប់ស្តីពីការបង្រ្កាបល្បែងស៊ីសងវារាងហួសសម័យបន្តិច ឯកឧត្តមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចាត់តាំងក្រុមការងារឱ្យសិក្សាស្រាវជ្រាវធ្វើវិសោធនកម្មច្បាប់បង្រ្កាបល្បែងស៊ីសងនេះ ធ្វើយ៉ាងណាឱ្យច្បាប់នេះសុក្រឹត្យភាពជាមួយនឹងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម។

 

ឯកឧត្តមរដ្ឋលេខាធិការ បន្ថែមទៀតថា ការធ្វើវិសោធនកម្មច្បាប់ស្តីពីការបង្រ្កាបល្បែងស៊ីសងនេះដែរ គឺដើម្បីធានាឱ្យការគ្រប់គ្រងរឹតបន្តឹងការលេងល្បែង និងធានាអនុវត្តច្បាប់នេះឱ្យមានភាពត្រឹមត្រូវ នឹងធានានូវសុខសុវត្ថិភាពជូនសង្គមជាតិទាំងមូល ពិសេសគឺយើងនឹងបញ្ចូលបទបញ្ញាត្តិឱ្យមាន សភាពធ្ងន់ធ្ងរជាងច្បាប់ចាស់ ពោលធ្វើយ៉ាងណាឱ្យអាជ្ញាធរមូលដ្ឋាន ក៏ដូចជាកងកម្លាំងសមត្ថកិច្ច មានច្បាប់ថ្មីនេះនៅក្នុងការអនុវត្តការងាររបស់ខ្លួនឱ្យកាន់តែខ្លាំងក្លាថែមទៀត នឹងឈានទៅលុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទនេះចេញពីមូលដ្ឋាន។

 

នៅក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ក៏បានមានប្រសាសន៍ថា ដើម្បីសម្រេចបាននូវការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ត្រូវមានលក្ខណៈសម្បត្តិចំនួន៧យ៉ាងគឺ ÷ ទី១៖ ការផ្តល់សេវាសាធារណៈជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្តពីប្រជាពលរដ្ឋ។ ទី២៖ គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។ ទី៣៖ មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍។ ទី៤៖ គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្ត្រី និងកុមារ គ្មានអំពើហឹង្សាក្នុងគ្រួសារ និង គ្មានក្មេងទំនើង។ ទី៥៖ ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព។ ទី៦៖ មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ។ ទី៧៖ ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងជំងឺឆ្លងរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព៕

nmr