ព័ត៌មានថ្មីៗ

ក្រសួងព័ត៌មាន បាននិងកំពុងរៀបចំឡើងវិញច្បាប់ស្តីពីរបបសារព័ត៌មាន ដើម្បីឱ្យស្របតាមការវិវឌ្ឍនៃសង្គម

ភ្នំពេញ)៖ ក្នុងឱកាសធ្វើសន្និសីទសារព័ត៌មាន ប្រកាសផ្សព្វផ្សាយរបាយការណ៍ស្តីពី «ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា» នៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រសួងព័ត៌មាន បាននិងកំពុងរៀបចំឡើងវិញច្បាប់ស្តីពីរបបសារព័ត៌មាន ដើម្បីឱ្យស្របតាមការវិវឌ្ឍនៃសង្គម។

លោករដ្ឋមន្ត្រី បានបន្តថា ប្រទេសកម្ពុជា ក៏ដូចជាប្រទេសផ្សេងៗទៀតក្នុងតំបន់ បានបោះជំហានចូលដល់ចំណុចរបត់នៃបរិវត្តកម្មឌីជីថល ដែលបច្ចេកវិទ្យាទំនើប និងសម្បូណ៌បែបបានផ្លាស់ប្ដូររបៀបនៃការផ្សព្វផ្សាយ ទទួល និងចែករំលែកព័ត៌មាន ក៏ដូចជាទំនាក់ទំនងក្នុងការរស់នៅប្រចាំថ្ងៃ។ របាយការណ៍នេះនឹងផ្ដល់ជាមូលដ្ឋានគ្រឹះក្នុងការតម្រង់ទិសលើការគ្រប់គ្រង រៀបចំផែនការយុទ្ធសាស្ត្រ និងការអនុវត្តសកម្មភាពការងារក្នុងវិស័យសារព័ត៌មាន ដើម្បីឆ្លើយតបនឹងការវិវត្តនៃវិស័យព័ត៌មាន និងតម្រូវការក្នុងសង្គមបច្ចុប្បន្ន និងទៅអនាគត។

លោក នេត្រ ភក្ត្រា បានថ្លែងថាទិដ្ឋភាពនៃការប្រែប្រួលទាំងនេះចាំបាច់ទាមទារឱ្យភាគីទាំងអស់ក្នុងវិស័យព័ត៌មានអភិវឌ្ឍខ្លួនឱ្យស្របនឹងនិន្នាការវិវត្តបច្ចុប្បន្ន និងឱ្យស៊ីសង្វាក់គ្នាជាមួយដំណើរការនៃការអភិវឌ្ឍវិស័យព័ត៌មានកម្ពុជា ក្នុងការធានាគុណភាពព័ត៌មាន ប្រសិទ្ធភាពផ្សព្វផ្សាយប្រកបដោយភាពប្រកួតប្រជែង គោរពក្រមសីលធម៌វិជ្ជាជីវៈ ព្រមទាំងចូលរួមក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ។

បន្ថែមពីនេះ លោកមានជំនឿយ៉ាងមុតមាំថារបាយការណ៍នេះនឹងក្លាយជាឯកសារដ៏សំខាន់មួយសម្រាប់ជាមូលដ្ឋានគ្រឹះសម្រាប់គ្រប់តួអង្គ ប្រតិបត្តិករ និងភាគីពាក់ព័ន្ធទាំងអស់ក្នុងវិស័យព័ត៌មានកម្ពុជា យកទៅប្រើប្រាស់ជាអត្ថប្រយោជន៍ដល់បេសកកម្ម និងសកម្មភាពការងាររបស់ខ្លួន ដើម្បីបន្តចូលរួមលើកតម្កើងវិស័យព័ត៌មានកម្ពុជាឱ្យលេចត្រដែតសក្តិសមជាអំណាចទី៤ ដែលគាំទ្រ និងចូលរួមយ៉ាងសកម្មដល់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងថែរក្សា ការពារសុខសន្តិភាពនៅកម្ពុជា។

ក្រសួងព័ត៌មានបានត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយសមាគមសារព័ត៌មាន និងភាគីពាក់ព័ន្ធទាំងអស់ ក្នុងការលើកកម្ពស់គុណភាពវិជ្ជាជីវៈសារព័ត៌មាន និងប្រសិទ្ធភាពនៃប្រព័ន្ធផ្សព្វផ្សាយ តាមរយៈការបន្តពង្រឹងការប្រតិបត្តិក្រមសីលធម៌វិជ្ជាជីវៈ ការគ្រប់គ្រងសន្តិសុខព័ត៌មាន បន្តផ្តល់កិច្ចគាំពារសង្គម និងការការពារផ្នែកច្បាប់ដល់អ្នកសារព័ត៌មានដែលគោរពក្រមសីលធម៌ ការពង្រឹងសមត្ថភាពជំនាញតាមរយៈការបណ្តុះបណ្តាលជំនាញនិពន្ធ ផលិត និង
ផ្សព្វផ្សាយព័ត៌មានប្រកបដោយគុណភាព ក៏ដូចជាបំពាក់បំប៉នជូនដល់អ្នកសារព័ត៌មាននូវចំណេះដឹងស្តីពីក្រមសីលធម៌ច្បាប់ និងបទដ្ឋានគតិយុត្តក្នុងវិស័យព័ត៌មានឱ្យកាន់តែប្រសើរ៕

nmr