ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ នេះ បានណែនាំដល់អាជ្ញាធរ ក្រុមការងារចុះមូលដ្ឋាន និងអំពាវនាវដល់ប្រប្អូនប្រជាពលរដ្ឋរស់នៅតាមដងទន្លេមេគង្គ ឱ្យយកចិត្តទុកដាក់ខ្ពស់ និងប្រុងប្រយ័ត្ន ខណៈទឹកទន្លេមេគង្គនៅតែបន្តឡើង!
ស្ថានភាពទឹកជំនន់ទន្លេមេគង្គនៅខេត្តក្រចេះ មានកម្ពស់ ២១,៦០ម៉ែត្រ កើនឡើង ០,២០ម៉ែត្រ ធៀបនឹងថ្ងៃម្សិលមិញកម្ពស់ ២១,៤០ម៉ែត្រ។ កម្ពស់ទឹកដែលត្រូវប្រុងប្រយ័ត្នគឺ ២២ម៉ែត្រ។
ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់នៅក្នុងបណ្តាញផ្សព្វផ្សាយសង្គមផ្លូវការ បន្ថែមថា៖ “ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ខ្ញុំបានណែនាំដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាក្រុមការងារទាំងអស់យកចិត្តទុកដាក់ខ្ពស់សហការជាមួយរដ្ឋបាលខេត្ត រដ្ឋបាលក្រុងស្រុក និងឃុំសង្កាត់ដើម្បីជួយអន្តរាគមន៍ដល់បងប្អូនប្រជាពលរដ្ឋដែលស្ថិតក្នុងតំបន់ទឹកជំនន់ខ្លាំង និងត្រៀមលក្ខណៈបង្ការផ្សេងៗ”។
ជាមួយគ្នានេះ ឯកឧត្តម ក៏បាន អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តក្រចេះ ប្រកាន់នូវវិធានការប្រុងប្រយ័ត្នខ្ពស់ជាពិសេសវេចខ្ចប់ទុកដាក់របស់របរផ្សេងៗដែលងាយនឹងខូចខាតឱ្យខ្ពស់ពីទឹក, មើលថែកូនតូចៗឱ្យបានល្អចៀសវាងការគ្រោះថ្នាក់ផ្សេងៗ, ឧស្សាហ៍ពិនិត្យជុំវិញផ្ទះ និងក្នុងផ្ទះខ្លាចក្រែងមានសត្វអសិរពិសរត់ពីទឹកជំនន់មកពួនសម្ងំ ដែលអាចបង្កគ្រោះថ្នាក់ ព្រមទាំងប្រកាន់នូវវិធានការអនាម័យឱ្យបានខ្ជាប់ខ្ជួនដើម្បីបង្ការខ្លួនពីជំងឺដំកាត់ផ្សេងៗ។
ឯកឧត្តម ក៏បានជូនពរអ្នកខេត្តក្រចេះជាពិសេសស្រុកសំបូរ ស្រុកចិត្របុរី ក្រុងក្រចេះ ស្រុកឆ្លូង និងស្រុកព្រែកប្រសព្វដែលមានភូមិសាស្ត្រជាប់នឹងដងទន្លេមេគង្គ សូមបានសុខសប្បាយ។
——