ព័ត៌មានថ្មីៗ

សព​ទេវនាដ​និម្មិត ឯម ធាយ និង​ចៅ​ស្រី​ម្នាក់ ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩ ខណៈ​សមាជិក​ក្រុម​គ្រួសារ​ជាង​១០​ជាង ត្រូវ​ធ្វើ​ចត្តាឡីស័ក

ភ្នំពេញ៖ អ្នកស្រី ថោង គឹមអាន កូន​ស្រី​បង្កើត​របស់​ព្រឹទ្ធាចារ្យ​សិល្បៈ ឯម ធាយ បាន​ប្រាប់​ឱ្យ​ដឹង​ថា ការ​តេស្ត​លើ​សំណាក​សព​ម្ដាយ​របស់​អ្នកស្រី ត្រូវ​បាន​រក​ឃើញ​ថា ឆ្លង​មេរោគ​កូវីដ-១៩ ហើយ​ចៅស្រី​ម្នាក់​អាយុ​៥ឆ្នាំ ក៏​ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​នេះ​ផង​ដែរ។
អ្នកស្រី ថោង គឹមអាន អាយុ ៦៩​ឆ្នាំ បាន​​ប្រាប់ BTV នៅ​ល្ងាច​ថ្ងៃ​នេះ​ថា ក្រុម​គ្រូ​ពេទ្យ​បាន​ពិនិត្យ​សព​ទេវនាដ​និម្មិត លោក​យាយ ឯម ធាយ នៅ​ព្រឹក​ថ្ងៃ​នេះ ហើយ​បាន​រក​ឃើញ​ភ្លាមៗ​ថា សព​លោក​យាយ​បាន​ឆ្លង​មេរោគ​កូវីដ-១៩។
ក្រៅ​ពីសព​លោក​យាយ អ្នកស្រី គឹមអាន បញ្ជាក់​ថា ក្រុម​គ្រូ​ពេទ្យ​ក៏​បាន​រក​ឃើញ​ចៅ​ស្រី​ម្នាក់​អាយុ ៥​ឆ្នាំំ ក៏​បាន​ឆ្លង​មេរោគ​កូវីដ-១៩​ផង​ដែរ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​ជំងឺ​កូវីដ-១៩ នៅ​មណ្ឌល​ព្យាបាល​ជំងឺ​កូវីដ-១៩ នៅ កោះ​ពេជ្រ​ហើយ។
អ្នក​ស្រី គឹមអាន បាន​ឱ្យ​ដឹង​ទៀត​ថា ចំណែក​ឯ​សមាជិក​ក្រុម​គ្រួសារ​ជាង ១០​នាក់ទៀត ត្រូវ​បាន​ធ្វើ​តេស្ត​ហើយ ប៉ុន្តែ រក​ឃើញ​មិន​ឃើញ​ឆ្លង​កូវីដ-១៩​ទេ ហើយ​តម្រូវ​ឱ្យ​ស្នាក់នៅ​ដាច់​ដោយ​ឡែក ​ឬ​ធ្វើ​ចត្តាឡីស័ក​នៅ​តាម​ផ្ទះ។
អ្នកស្រី ថោង គឹមអាន បញ្ជាក់​បន្ថែម​ថា លោក​យាយ ឯម ធាយ មិន​បាន​ធ្វើ​ដំណើរ​ទៅ​ណា​នោះ​ឡើយ​មួយ​រយៈ​ចុង ក្រោយ​​មុន​លោក​យាយ​ទទួល​មរណភាព ដោយសារ​តែ​លោក​យាយ​មាន​សុខភាព​ទន់​ខ្សោយ។
ប៉ុន្តែ អ្នកស្រី គឹមអាន ប្រាប់​ថា មាន​បង​ប្អូន​សាច់​ញាតិ និង​អ្នក​គោរព​ស្រឡាញ់​លោក​យាយ បាន​ទៅ​សាក​សួរ​សុខ​ទុក្ខ​លោក​យាយ​ជា​បន្ត​បន្ទាប់​​មួយ​រយៈ​ពេល​ចុង​ក្រោយ​មក​នេះ។
អ្នកស្រី ថោង គឹមអាន បាន​ឱ្យ​ដឹង​ទៀត​ថា សព​លោក​យាយ ឯម ធាយ ត្រូវ​បាន​ក្រុម​គ្រូ​ពេទ្យ​យក​ទៅ​បូជា​នៅ​ឯ​វត្ត​ទឹក​ថ្លា បន្ទាប់​ពី​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩។
ទេវនាដ​និម្មិត លោកយាយ ឯម ធាយ ដែល​ជា​ព្រឹទ្ធាចារ្យ​ និង​ជា​អតីត​នាដការី​ផ្នែក​របាំ​ព្រះ​រាជ​ទ្រព្យ បាន​ទទួល​មរណភាព​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៥ ខែ​មិថុនា ក្នុង​ជន្មាយុ ៨៨​ឆ្នាំ (ឬ៨៩ ឆ្នាំ)៕
nmr