ព័ត៌មានថ្មីៗ

សម្តេចធិបតី បញ្ជាឱ្យផ្អាកបញ្ជូននិស្សិតទៅធ្វើកម្មសិក្សានៅប្រទេសដែលមានការប្រឈម ដោយសង្គ្រាម

សម្តេចធិបតី នាយឧត្តមសេនីយ៍ផ្កាយមាស៤ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់បទបញ្ជាឱ្យបណ្តាអង្គភាព ក្រសួង ស្ថាប័ននានា របស់រាជរដ្ឋាភិបាល ផ្អាកការបញ្ជូននិស្សិតទៅធ្វើកម្មសិក្សានៅប្រទេស ដែលមានការប្រឈមដោយសង្គ្រាមជាពិសេសនៅប្រទេសអ៊ីស្រាអែល។

សម្តេចធិបតីនាយឧត្តមសេនីយ៍ផ្កាយមាស៤ បានដាក់បទបញ្ជាបែបនេះ ខណៈអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣០ថ្ងៃបង្កើតកងពលតូចលេខ៧០ កងទ័ពជើង គោក(១៥ តុលា ១៩៩៤-១៥ តុលា ២០២៤)នៅបញ្ជាការដ្ឋានកងពលតូចលេខ៧០ នាព្រឹកថ្ងៃទី១៥តុលានេះ ។

សម្តេច បានមានប្រសាសន៍ថា ក្រោយពី១ឆ្នាំ នៃស្ថានការណ៍ដែលកំពុងតែកើនឡើងថែមទៀតនៅប្រទេសដែលកំពុងប្រឈមនូវស្ថានភាពគ្រោះថ្នាក់ដោយសារសង្គ្រាមនោះ បើទោះបីយើងមិនមាន យន្តហោះ ដើម្បីដឹកនិស្សិតរបស់យើងចេញមក ប៉ុន្តែការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលជាមួយនិស្សិត និងប្រជាពលរដ្ឋយើងដែលរស់នៅក្នុងតំបន់សង្គ្រាមនោះ មិនចោលទេ ហើយសូមផ្តាំព័ត៌មាននេះជូនទៅឪពុក ម្តាយ មាតា បិតា ថា រាជរដ្ឋាភិបាលបើទោះបីនៅប្រទេសយើងមានសន្តិភាព យើងក៏មិនបានភ្លេចប្រជាពលរដ្ឋយើង ដែលបានរស់នៅ និងរងប្រឈមនៅតំបន់ដែលមានគ្រោះថ្នាក់ដោយសារសង្គ្រាមនៅប្រទេសអ៊ីស្រាអែលនោះឡើយ។

សម្តេចធិបតី ក៏បានបន្តថា សម្រាប់កងទ័ពមួកខៀវរបស់យើងនៅទីនោះ ដែលមាន១៨៤នាក់ នៃកងអនុសេនាធំ វិស្វកម្ម និងពហុជំនាញ វត្តមានមានមុខជាក់ស្តែង១៧៧នាក់ ដោយសារ៧នាក់ទៀតអ្នកខ្លះច្បាប់ និងអ្នកខ្លះជាប់បេសកកម្មផ្សេងដឹកនាំដោយវរៈសេនីយ៍ឯក សោម នាងហ៊ី ជាស្ត្រី ជានាយទាហាននារីម្នាក់ ដែលមានភាពអង់អាចក្លាហាន និងភាពម្ចាស់ការ សម្តេចបានទាក់ទងទូរស័ព្ទជាមួយជាប់ជាប្រចាំ បន្ថែមលើអ្វីដែលឯកឧត្តម ទៀ សីហា និងឯកឧត្តម សុខ ចិន្តាសោភា ដើម្បីតាមដាន ដើម្បីឱ្យពួកគាត់ប្រុងប្រយ័ត្ន៕

nmr